កីឡា ៣​ប្រភេទ ទួល​បាន​ប្រាក់​រង្វាន់​ជាង ២០៩​លាន​រៀល​ពីរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែកញ្ញានេះ បាននាំយកថវិការបស់រាជរដ្ឋាភិបាល សរុបចំនួន ២០៩,៦០០,០០០រៀល ស្មើនឹងប្រមាណ ៥២,៤០០ដុល្លារ ប្រគល់ជូនដល់គ្រូបង្វឹក និងកីឡាករ-កីឡា ការិនី ៣ប្រភេទកីឡា ដែលដណ្ដើមបានជយលាភីពីព្រឹត្តិការណ៍អន្ដរជាតិ រួមមានកីឡាចំបាប់ កីឡាកាយវប្បកម្ម និងកីឡារាំ។

ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តអត្តពលិកដណ្ដើមបានជយលាភីនេះត្រូវបានធ្វើឡើង នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តតាម ប្រកាសអន្ដរក្រសួង លេខ៧១៦ សហវ.ប្រក ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីគោលការណ៍ចំណាយ សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិ និងការប្រកួតលក្ខណៈអន្ដរជាតិផ្លូវការប្រចាំឆ្នាំ។

ចំពោះកីឡាចំបាប់ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅប្រទេស ហ្វីលីពីន ឆ្នាំ២០១៨ ដោយដណ្ដើមបានមេដាយសរុប ១៥គ្រឿង រួមមានមេដាយមាស៣, ប្រាក់៤ និងសំរឹទ្ធ៨។ មេដាយមាស ១គ្រឿង ទទួលបាន ៩លានរៀល, មេដាយប្រាក់ទទួលបាន ៨លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ៧លានរៀល។ សរុបប្រាក់រង្វាន់ទាំងគ្រូបង្វឹក គ្រូជំនួយ និងកីឡាករចំនួន ១៣៦,៦០០,០០០រៀល។

រីឯកីឡាកាយវប្បកម្ម បានចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី១០ នៅប្រទេសថៃ ចាប់ពីថ្ងៃទី ១១-១៧ ខែធ្នូ ឆ្នាំ២០១៨ ដោយមាន ៥១ប្រទេសចូលរួម ក្រុមកីឡាកាយវប្បកម្មកម្ពុជា ដណ្ដើមបានមេដាយ មាស១ ដោយកីឡាករ សំបូរ សុភណ្ឌ។ មេដាយមាស ទទួលបានប្រាក់រង្វាន់ ២០លានរៀល។ សរុបប្រាក់រង្វាន់ ទាំងគ្រូបង្វឹក និងកីឡាករសរុប ៤០លានរៀល។

ចំណែកកីឡារាំ បានចូលរួមប្រកួតជ្រើសរើសឯកអាស៊ី នៅចិន ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៨ ដណ្ដើមបានមេដាយសំរឹទ្ធ ១វិញ្ញាសា (រាំគូ ២នាក់)។ មេដាយសំរឹទ្ធ១ ទទួលបានប្រាក់រង្វាន់ ១១លានរៀល។ សរុបប្រាក់រង្វាន់ទាំងគ្រូបង្វឹក និងអត្តពលិកចំនួន ៣៣លានរៀល។ ដូច្នេះសរុបប្រាក់រង្វាន់គ្រូបង្វឹក និងអត្តពលិក ៣ប្រភេទកីឡាខាងលើ មានចំនួន ២០៩,៦០០,០០០រៀល៕

You might also like More from author