វគ្គជម្រុះ World Cup៖ ទូរទស្សន៍​ក្នុង​​ស្រុកមួយ ទទួល​បាន​សិទ្ធិ​ផ្សាយ​បន្ដផ្ទាល់ កម្ពុជា ប៉ះ​អ៊ីរ៉ង់​ស្អែកនេះ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ង់ នាវេលាម៉ោង ៨៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី១០ ខែតុលាស្អែកនេះ នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar 2022) វគ្គជម្រុះជុំទី២-តំបន់អាស៊ី នៅកីឡដ្ឋាន Azadi ប្រទេសអ៊ីរ៉ង់។

អ្វីដែលពិសេស ការប្រកួតដ៏ទាក់ទាញនេះ នឹងមានផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN ដែលទទួលបានសិទ្ធិពីប្រទេសអ៊ីរ៉ង់។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ហើយក៏ជាដំណឹងល្អមួយដែលអ្នកគាំទ្រកម្ពុជា កំពុងរង់ចាំផងដែរ។

នេះគឺជាការប្រកួតទី៣ របស់ក្រុមគោព្រៃកម្ពុជា តែជាការប្រកួតទី២ របស់ក្រុមជម្រើសជាតិអ៊ីរ៉ង់។ ការប្រកួតនេះ ពិតជាសំខាន់សម្រាប់ក្រុមទាំងពីរ ក្នុងការស្វែងរកពិន្ទុបន្ថែមរៀងៗខ្លួន ពិសេសកម្ពុជាដែលត្រូវជួបក្រុមលេខ១ ប្រចាំតំបន់អាស៊ី (AFC Ranking) និងកំពុងឈរលេខ២៣ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន (FIFA Ranking)។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលបណ្ដោះអាសន្នក្នុងពូល C ដែលមាន ៥ក្រុមចូលរួមវិញ ពេលក្រុមគោព្រៃកម្ពុជា មាន ១ពិន្ទុឈរលេខរៀងទី៤ ជាមួយលទ្ធផល ២ប្រកួត ស្មើ១ និងចាញ់១ (ស្មើហុងកុង ១-១ និងចាញ់បារ៉ែន ១-០) ខណៈអ៊ីរ៉ង់ ឈរលេខ២ និងមាន ៣ពិន្ទុ តែពួកគេទើបបញ្ចប់ ១ប្រកួតប៉ុណ្ណោះ៕

You might also like More from author