ជម្រុះ World Cup៖ សំបុត្រប្រភេទ-១ ទស្សនាកម្ពុជា ប៉ះអុីរ៉ាក់ លក់អស់ហើយ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានជូនដំណឹងនៅរសៀលថ្ងៃពុធនេះថា សំបុត្រចូលទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអុីរ៉ាក់ បានលក់អស់សំបុត្រប្រភេទ-១ ហើយ ខណៈការប្រកួតនឹងធ្វើឡើងនាថ្ងៃទី១៥ ខែតុលាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ។

ការជូនដំណឹងនេះ បន្ទាប់ពីសហព័ន្ធបានប្រកាសលក់សំបុត្រចូលទស្សនាការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២-តំបន់អាស៊ី ពូល C រវាងកម្ពុជា និងអុីរ៉ាក់កាលពីថ្ងៃទី០៧ ខែតុលាកន្លងទៅ។ ចំពោះសំបុត្រប្រភេទ-១ គឺជាសំបុត្រអាចចូលទស្សនា នៅតំបន់ VIP ដែលមានកៅអីអង្គុយត្រឹមត្រូវ និងអាចផ្ទុយអ្នកទស្សនាបានប្រមាណ ៥,០០០នាក់។ រីឯសំបុត្រប្រភេទ-២ នៅបន្ដលក់ធម្មតានៅឡើយ។

យ៉ាងណាមិញ មុនជួបតតាំងជាមួយក្រុមជើងខ្លាំងអុីរ៉ាក់ នាថ្ងៃទី១៥-តុលា ក្រុមគោព្រៃកម្ពុជាត្រូវធ្វើការធ្ងន់ ១ប្រកួតសិន ដោយត្រូវជួបក្រុមលំដាប់លេខ១ នៅអាស៊ី គឺក្រុមជម្រើសជាតិអុីរ៉ង់ នាថ្ងៃទី១០ ខែតុលាស្អែកនេះ នៅកីឡដ្ឋាន Azadi ប្រទេសអុីរ៉ង់ វេលាម៉ោង ៨៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ដែលជាប្រកួតទី៣ ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកខាងលើ៕

You might also like More from author