ប៊ែលហ្សិក កក់​កៅអី​ទៅ​ជុំផ្តាច់​ព្រ័ត្រ Euro 2020 មុនគេ ក្រោយ​បំបាក់​សាំងម៉ារាំង ៩-០ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser) (Video Inside)

(ប្រុចសែល)៖ ក្រុមបាល់ទាត់បិសាចក្រហមប៊ែលហ្សិក បានឈ្នះកៅអី១ ដើម្បីឡើងទៅលេងព្រឹត្តិការណ៍ ពានរង្វាន់ជើងឯកអឺរ៉ុប UEFA Euro 2020 មុនគេ ក្រោយរកបាន ២១ពិន្ទុនាំមុខកំពូលតារាងដាច់ ជាមួយនឹងការបំបាក់ក្រុមភ្ញៀវ សាំងម៉ារាំង (San Marino) ក្នុងលទ្ធផល ៩-០ នៃវគ្គជម្រុះនាយប់មិញនេះ។

អតីតកីឡាករខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លឹប Manchester United ដែលបានផ្លាស់ទៅលេងឲ្យក្លឹបអ៊ីតាលី Inter Milan រដូវកាលនេះ រកបាន ២គ្រាប់ម្នាក់ឯងសម្រាប់គ្រាប់បើកឆាកនៅនាទី២៨ និងនាទី៤១ ដើម្បីបញ្ជូន ប៊ែលហ្សិក កក់កៅអីវគ្គចែកពូលនៃ Euro 2020 មុនគេ ជាមួយនឹងមិត្តរួមក្រុមផ្សេងៗទៀតដែលរកបាន គ្រាប់បាល់ជាបន្តបន្ទាប់ សង្កត់សាំងម៉ារាំងមិនឲ្យតដៃរួចឡើយ ក្នុងប្រកួតទី៧ ជើងទី២ ប្រចាំពូល I។

តាមរយៈលទ្ធផលនេះ ប៊ែលហ្ស៊ិកនៅតែជាក្រុមខ្លាំងក្នុងពូលដោយលេង ៧ប្រកួត មិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះរហូត រកបាន ២១ពិន្ទុ ឈរនៅកំពូលតារាងដាច់ តាមពីក្រោយដោយម្ចាស់ផ្ទះ World Cup 2018 រុស្ស៊ី ដោយមាន ១៨ពិន្ទុ ក្រោយយកឈ្នះក្រុមភ្ញៀវស្កុតឡេន ៣-១ យប់មិញនេះដូចគ្នា។

យ៉ាងណាក៏ដោយ ប៊ែលហ្សិកនៅសល់ ៣ប្រកួតបង្រ្គប់កិច្ចក្នុងពូល I និងនៅសល់កៅអី ១ទៀត សម្រាប់៤ក្រុម ប្រជែងយករួមមានរុស្ស៊ី កោះសាយប្រឺស កាហ្សាក់ស្ថាន និងស្កុតឡេន គ្រាដែលក្នុងពូលត្រូវយក ២ក្រុមមាន ពិន្ទុខ្ពស់ជាងគេ ដើម្បីទៅលេង Euro 2020 វគ្គចែកពូល ២៤ក្រុមចុងក្រោយ៕

You might also like More from author