លោក វ៉ាត់ ចំរើន៖ Half Marathon នៅ​អង្គរវត្ត គឺជា​ព្រឹត្តិការណ៍​មាន​ការ​ទាក់​ទាញ​បំផុត

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និយាយថា ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត គឺជាព្រឹត្តិការណ៍មានការទាក់ទាញបំផុត ព្រោះរៀបចំនៅតំបន់បេតិក ភណ្ឌពិភពលោក។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាល ម៉ារ៉ាតុង លើកទី២៤ (24th Angkor Wat International Half Marathon) កាលពីម្សិលមិញ ខណៈព្រឹត្តិការណ៍នេះ នឹងរៀបចំនាថ្ងៃទី០៨ ខែធ្នូខាងមុខ។

លោកបន្ដថា អង្គរវត្ត គឺជាតំបន់ទេសចរណ៍ដ៏ល្អឯកក្នុងការទាក់ទាញទេសចរ ហេតុនេះការរៀបចំព្រឹត្តិការណ៍ កីឡា និងទេសចរណ៍នៅទីនោះ បានផ្ដល់នូវគុណប្រយោជន៍ច្រើនក្នុងការរៀបចំ។ លោកថា «ព្រឹត្តិការណ៍ ម៉ារ៉ាតុងរបស់យើង គឺស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសដែលមានការទាក់ទាញបំផុត ក្នុងទិវារត់ប្រណាំងនេះ នៅតំបន់អង្គររបស់យើង ដែលជាព្រឹត្តិការណ៍រត់នៅទីតាំងបេតិកភណ្ឌពិភពលោក គឺមានប្រទេសតិចណាស់ ដែលមានធ្វើម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌពិភពលោកបែបនេះ»

ដូច្នេះលោកគ្មានការបារម្ភរឿងធ្លាក់ចុះអ្នកចូលរួមឡើយ ផ្ទុយទៅវិញ លោកមានសុទិដ្ឋិយមខ្ពស់ថា ការរត់ពាក់ កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ នឹងអាចរក្សាកំណត់ត្រាអ្នកចូលរួមដូចឆ្នាំចាស់ទៀតផង។ លោកថា «ឆ្នាំ២០១៨ យើងទទួលបានអ្នករត់ជាតិ-អន្ដរជាតិ ១០,៥០០នាក់ ដែលជាតួរលេខច្រើន និងមានការរីកចម្រើនខ្លាំង ជាឆ្នាំដែលយើងទទួលបានឯតទគ្គកម្មមានអ្នកចូលរួមលើស ១ម៉ឺននាក់ ហើយបើស្ថានភាពនៅតែបែបនេះ យើងសង្ឃឹមនឹងទទួលបានការចូលរួមមិនក្រោម ១ម៉ឺននាក់ទេ អាចលើសពី ១ម៉ឺននាក់ ដូចឆ្នាំមុនដែរ»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា បើទល់ពេលនេះ ការចុះឈ្មោះរបស់ភ្ញៀវជាតិ និងអន្ដរជាតិ គឺទទួលបានជិត ៤,០០០នាក់ហើយ តែបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ចំនួនចុះឈ្មោះនេះ គឺប្រហាក់ប្រហែលគ្នា។ យ៉ាងណាមិញ លោក វ៉ាត់ ចំរើន បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្ដរជាតិ រួសរាន់ចុះឈ្មោះឲ្យបានលឿន កុំចាំជិតដល់ថ្ងៃរត់ ទើបសម្រុកមកចុះឈ្មោះ។ ការអំពាវនាវបែបនេះ ដោយសារលោកចង់សម្រួលដល់ការរៀបចំរបស់គណៈកម្មការ រួមទាំងសម្រួលសម្ភារៈបច្ចេកទេសផងដែរ។

គួរដឹងថា ព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ត្រូវបានរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ផ្ដល់សេចក្ដី ទុកឲ្យ NOCC រៀបចំ ដើម្បីរួមចំណែកក្នុងឧស្សាហកម្មទេសចរណ៍ បរិស្ថាន និងចូលរួមការងារសប្បុរសធម៌ ផងដែរ ជាក់ស្ដែងជារៀងរាល់ឆ្នាំ គណៈកម្មការរៀបចំតែងរៀបចំមូលនិធិមួយ សម្រាប់ជួយដល់ជនរងគ្រោះ ដោយសារគ្រាប់មីននៅកម្ពុជា មន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌ជាដើម។ លើសពីនេះ ក៏មានការបំផុស ចលនាកីឡាដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

You might also like More from author