ទីបំផុត ស្រ្តីអ៊ីរ៉ង់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​បាល់ទាត់​ជា​លើក​ដំបូង ក្រោយ​ហាម​ឃាត់​ជា​ច្រើន​ទស្សវត្សរ៍

(តេហេរ៉ង់)៖ អ្នកគាំទ្រជាស្រ្តី ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់អនុញ្ញាតឲ្យចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន ក្នុងជំនួប ដែលក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ប្រកួតទល់នឹងក្រុមជម្រើសជាតិកម្ពុជា នារាត្រីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ក្នុងវគ្គសន្សំពិន្ទុនៃពូល C វគ្គជម្រុះ FIFA World Cup 2022។

អ្នកគាំទ្រជាស្រ្តីប្រមាណ ៣៥០០នាក់បានទិញសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់ ជាលើកដំបូងនៅកីឡដ្ឋាន Azadi ដែលអាចផ្ទុកអ្នកទស្សនាសរុបបានចំនួន ៧៨០០០នាក់ គិតចាប់តាំងពីឆ្នាំ ១៩៧៩ មក ដោយសារវិបត្តិសាសនាអ៊ីស្លាម។

គួររំលឹកផងដែរ ក្រោយពីមានការអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ ដោយមានការឯកភាព ក៏ដូចជាគាំទ្រ យ៉ាងពេញទំហឹងពី FIFA និងអង្គការអន្តរជាតិផងនោះ សំបុត្រសម្រាប់ស្រ្តី ត្រូវបានលក់អស់គ្មានតែប៉ុន្មាននា ទីប៉ុណ្ណោះ ដែលជាការប្រកួតក្នុងដីលើកដំបូងរបស់អ៊ីរ៉ង់ សម្រាប់វគ្គជម្រុះដើម្បីប្រជែងកៅអីទៅ World Cup 2022 នៅប្រទេសកាតាផងដែរ។

ការអនុញ្ញាតឲ្យស្រ្តីចូលបាល់ទាត់ ក៏ធ្វើឡើងក្រោយពេលប្រទេសអារ៉ាប៊ីសាអូឌីត អនុញ្ញាតឲ្យស្រ្តីចូល បាល់ទាត់កាលពីឆ្នាំទៅផងដែរ ដើម្បីលើកតំកើងសិទ្ធិស្រ្តីនៃប្រទេសនេះស្មើនឹងបុរស ដោយទទួលរងវិបត្តិ ខ្មៅងងឹតដោយសារសាសនាអ៊ីស្លាមជាច្រើនឆ្នាំមកនេះដូចគ្នា៕

You might also like More from author