កិច្ចសន្យា​របស់ ចន្ថាធារី ជា​មួយ​ក្លឹប Terengganu នៅ​សល់​ជិត ២ខែ​ទៀត (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ ប៊ិន ចន្ថាធារី បានបង្ហើបថា កិច្ចសន្យាជាមួយក្លឹប Terengganu FA នឹងផុតសុពលភាពនៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយថា ទំនងមិនបន្តលេងនៅទ្រនំដែលគេបានរួមរស់ អស់រយៈពេល២រដូវកាលមួយនេះទៀតទេនាពេលខាងមុខ។

ធារី បានបន្ថែមថា «ម៉ាឡេស៊ី ជាអាទិភាពរបស់ខ្ញុំ ព្រោះខ្ញុំធ្លាប់លេង២ឆ្នាំនៅទីនេះ ខ្ញុំយល់ចិត្តគ្នាបានច្រើន។ ប្រពន្ធខ្ញុំ និងខ្ញុំស្រលាញ់ម៉ាឡេស៊ី ព្រោះមានការរៀបចំល្អ។ កិច្ចសន្យាខ្ញុំនឹងដាច់នៅខែ១១ ប៉ុន្តែតាមខ្ញុំគិត ប្រហែលមិនបន្តជាមួយ Terengganu។ ខ្ញុំចង់បន្តលេងនៅម៉ាឡេស៊ី តែឥឡូវមិនទាន់មានក្លឹបទាក់ទង ព្រោះគេរវល់លេងពាន តែកុងត្រាខ្ញុំនៅសល់ពីរខែទៀត អ៊ីចឹងខ្ញុំនឹងរង់ចាំ»។ អតីតកីឡាករភ្នំពេញក្រោនក៏បើក ចំហរចំពោះក្លឹបនៅប្រទេសឯទៀត ប្រសិនបើមានការព្រមព្រៀងលើលក្ខខណ្ឌដែលអាចទទួលយកបាន។

អ្វីដែលសំខាន់ផងនោះ សមាជិកក្រុមជម្រើសជាតិកម្ពុជាដែលអវត្តមានច្រើនប្រកួតចុងក្រោយនៅក្របខណ្ឌ Malaysian Super League នោះ បានបញ្ជាក់ថា ចង់បន្តលេងនៅម៉ាឡេស៊ីរដូវកាលក្រោយទៀត ព្រោះបានសម្របខ្លួនយ៉ាងល្អទាំងការលេង និងរស់នៅ។

សូមបញ្ជាក់ផងថា ធារី ដែលធ្លាប់ចំណាយពេលនៅ Krabi FC របស់ថៃ និងអគ្គិសនីកម្ពុជារយៈពេលខ្លី បានផ្លាស់ទៅ Terengganu ដើមរដូវកាលឆ្នាំ២០១៨ និងរួមចំណែកឲ្យក្រុមនេះបានជើងឯករងពានរង្វាន់ធំ ក្នុងស្រុកនៅឆ្នាំដដែល៕

You might also like More from author