«​One Championship» គម្រប់​សង្វៀន​លើក​ទី១០០ ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​៣គូ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ដណ្តើម​លុយ១​លាន​ដុល្លារ​

(ភ្នំពេញ)៖ ការប្រកួតដ៏ធំជាប្រវិត្តសាស្ត្រ របស់ស្ថាប័ន One Championship ថ្ងៃគម្រប់សង្វៀនលើកទី១០០ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នាទីក្រុងតូក្យូ ប្រទេសជប៉ុន មានគូដណ្តើមខ្សែក្រវាត់ចំនួន៣គូ ក្នុងប្រភេទទម្ងន់ផ្សេងគ្នា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Kickboxing ដណ្តើមលុយ១លានដុល្លារសហរដ្ឋអាមេរិក។ គូដណ្តើមខ្សែក្រវាត់ LIGHT HEAVYWEIGHT WORLD CHAMPIONSHIP គឺជាការជួបគ្នារវាងកីឡាករហ្វីលីពីន Brandon Vera ប៉ះកំពូលអ្នកប្រដាល់មីយ៉ាន់ម៉ា Aung La N Sang។

Brandon Vera ជាម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion មានបទពិសោធប្រកួត MMA ឈ្នះ១៦ និងចាញ់៧ ហាត់នៅក្លិប Alliance Training Center ចំណែក Aung La N Sang ជាម្ចាស់ខ្សែក្រវាត់ចំនួនពីរប្រភេទ ទម្ងន់របស់ស្ថាប័ន One Championship ពោលគឺរូបគេកាន់ខ្សែក្រវាត់ One Light Heavyweight និង One Middleweight World Champion មានបទពិសោធប្រកួតឈ្នះ២៥ ចាញ់១០ មានជំនាញក្បាច់ BJJ, Boxing និង Muay Thai ហាត់នៅក្លិប Hard Knocks 365។

គូដណ្តើមខ្សែក្រវាត់ BANTAMWEIGHT WORLD CHAMPIONSHIP ម្ចាស់ខ្សែក្រវាត់ ONE Bantamweight World Champion កីឡាករប្រេស៊ីល Bibiano Fernandes ជួបកីឡាករហ្វីលីពីន KEVIN BELINGON ក្នុងជំនួបសងសឹក និងការពារខ្សែក្រវាត់របស់ខ្លួនវិញ។ ពួកគេទាំងពីរនាក់ធ្លាប់ឈ្នះចាញ់ជាមួយគ្នា កន្លងមករួចហើយ ខណៈលើកចុងក្រោយកីឡាករប្រេស៊ីល Bibiano Fernandes ដណ្តើមខ្សែក្រវាត់បានពី KEVIN BELINGON កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០១៩ នេះ បន្ទាប់ពីរូបគេធ្លាប់បាត់បង់ក្រោមស្នាដៃ របស់ BELINGON។

ការប្រកួតដណ្តើមខ្សែក្រវាត់មួយទៀត គឺកីឡាករថៃ Rodtang Jitmuangnon ត្រូវការពារខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ជាមួយកីឡាករប្រេស៊ីល Walter Goncalves។ Rodtang ដែលធ្លាប់ឈ្នះកីឡាករគុនខ្មែរ សុខ ធី ដណ្តើមខ្សែក្រវាត់នេះបានពីកីឡាករអង់គ្លេស Jonathan ចំណែកកីឡាករ Walter ដែលមកដណ្តើមនេះមានបទពិសោធប្រកួត Muay Thai ឈ្នះ៦៥ និងចាញ់៥ ដង ហ្វឹកហាត់នៅក្លិប Blackthai CT។ ការប្រកួតដ៏ធំប្រចាំព្រឹត្តិការណ៍នេះ១គូទៀត គឺវគ្គផ្តាច់ព្រ័ត្រ Kickboxing ដណ្តើមលុយ១លាន ដុល្លាររវាងកីឡាករ Giorgio Petrosyan ប៉ះ Samy Sana។

កីឡាករអ៊ីតាលី Petrosyan មុនដល់វគ្គនេះបានផ្តួលកីឡាករថៃ Jo Nathanvuth ក្នុងទឹកទី១ បទពិសោធប្រកួត Kickboxing ឈ្នះ១០២ ចាញ់២ និងស្មើ២ ចំណែកកីឡាករបារាំងកាត់អាល់ហ្សារី Samy Sana បានយកឈ្នះ កីឡាកររុស្សី Askerov ដោយពិន្ទុក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩នេះ។ កីឡាករដែលកើតនៅទីក្រុងបារីស មានបទពិសោធប្រកួត Kickboxing ឈ្នះ ១៣៥ ចាញ់ ៩ និងស្មើម្តង និងធ្លាប់ផ្តួលជើងខ្លាំងរបស់ថៃ យ៉តសែនខ្លៃ ផងដែរក្នុងកម្មវិធីនេះ។

ទាំងនេះជាគូសំខាន់ៗ ក្នុងការប្រកួតគម្រប់សង្វៀនលើកទី១០០របស់ One Championship ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៩ នាទីក្រុងតូក្យូ ប្រទេសជប៉ុន រួមទាំង៧គូផ្សេងទៀត សម្រាប់កម្មវិធីទី២ដែលចាប់ផ្តើមពីម៉ោង៥ ល្ងាច ខណៈកម្មវិធីទី១ក្នុងថ្ងៃនោះ ដែរចាប់ផ្តើមប្រកួតពីម៉ោង៩ព្រឹក ដែលមានការប្រកួតដណ្តើមខ្សែក្រវាត់រួម ជាមួយគូពិសេសៗជាច្រើន ដែលស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន ធ្វើការផ្សាយបន្តផ្ទាល់៕

You might also like More from author