Privat ថា៖ ជួយ​ក្រុម​ឈ្នះ​ពានលីគ​កំពូល ជា​ក្ដីស្រមៃធំ ហើយពាន Top scorer ជា​រឿង​បន្ទាប់ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធកាមេរ៉ូនរបស់ព្រះខ័នរាជស្វាយរៀង Jean Marie Privat Befolo Mbarga អះអាងថា បើទោះកំពុងឈរកំពូលតារាង Top scorer នៅលីគកំពូល ឆ្នាំ២០១៩ ក៏ពិតមែន តែរូបគេពុំបានដាក់ អារម្មណ៍ទៅលើការឈ្នះពានឯកត្តជននេះពេកឡើយ ពោលគេផ្ដោតស្ទើរតែ ១០០ភាគរយ ចំពោះការជួយ ក្រុមលើកពានរដូវកាលនេះ។

គួរដឹងដែរថា អតីតសមាជិកបឹងកេត វេស្ទើន អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ អាស៊ីអឺរ៉ុប និងក្លឹបថៃ Samut Prakan រូបនេះប្រាប់ថា ខ្លួនក៏ប៉ងក្លាយជាម្ចាស់ជយលាភីអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ សម្រាប់ រដូវកាលនេះដែរ ដើម្បីជាសក្ខីភាពនៃស្នាដៃមួយក្នុងអាជីពជាកីឡាករបាល់ទាត់។

Privat បានបន្ថែមទៀតថា «ខ្ញុំកំពុងផ្ដោតនៅពេលនេះ គឺការព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីជួយឲ្យក្រុម ឈ្នះសម្រាប់ប្រកួតនៅសល់ ហើយគ្រងតំណែងជើងឯកជាមួយគ្នា។ មានន័យថា ខ្ញុំពុំគិតតែពីការទាត់បញ្ចូល ទីដើម្បីខ្លួនឯងនោះទេ គឺខ្ញុំគិតពីលទ្ធផលវិជ្ជមានរបស់ក្រុមជាធំ។ ការឈ្នះពានលីគកំពូលជាក្ដីស្រមៃធំរបស់ខ្ញុំ ហើយពាន Top scorer ជារឿងបន្ទាប់»

សូមបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី២៤ ក្នុងលីគឆ្នាំនេះ ខ្សែប្រយុទ្ធវ័យ ២៧រូបខាងលើបានបំប៉ោងសំណាញ់ទីបាន ៣២គ្រាប់ម្នាក់ឯង ដើម្បីឈរលើកំពូលតារាងអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ ហើយតាមពីក្រោយដោយ Debiro Dzarma Bata ដែលរកបាន ២៩គ្រាប់របស់ក្លឹបភ្នំពេញក្រោន៕

You might also like More from author