AFF Futsal៖ កម្ពុជា ប៉ះទីម័រ បង្គ្រប់​កិច្ច​រសៀល​នេះ ក្រោយ​អស់​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ដ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ហូជីមិញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដនៃព្រឹត្តិការណ៍ បាល់ទាត់ក្នុងសាល AFF Futsal Championship 2019 ដែលធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយ បន្ទាប់ពីរងបរាជ័យ ២ប្រកួតផ្ទួនៗយ៉ាងចាស់ដៃ ហើយនៅរសៀលថ្ងៃពុធនេះ កម្ពុជានឹងត្រូវជួបទីម័រ ខាងកើត ដើម្បីបង្គ្រប់កិច្ចក្នុងពូល A ដូចគ្នា។

ចំពោះលទ្ធផល ២ប្រកួតដំបូងរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា គឺបានប្រកួតចាញ់ក្រុមខ្លាំងថៃ ១២-០ មុនបន្ដចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយលទ្ធផល ១៣-៣ កាលពីម្សិលមិញ។ ការបរាជ័យនេះ បានធ្វើឲ្យកម្ពុជា ក៏ដូចជាទីម័រខាងកើត ដែលរងបរាជ័យ ២ប្រកួតដូចគ្នា អស់ឱកាសប្រជែងកៅអីវគ្គបន្ដ តែមុនត្រឡប់មកមាតុភូមិវិញ ក្រុមទាំងពីរ ត្រូវប្រកួតបង្គ្រប់កិច្ចជាមួយគ្នានារសៀលនេះសិន។

គួរដឹងថា នេះគឺជាឆ្នាំទី២ ដែលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់ ខាងលើ បន្ទាប់ពីខកខានអស់ជាច្រើនឆ្នាំ។ ប៉ុន្ដែចំពោះលទ្ធផលវិញ ហាក់គ្មានការប្រែប្រួលនោះទេ។ សម្រាប់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ដ្បិតកាលពីឆ្នាំ២០១៨ ពួកគេបានបញ្ចប់ការប្រកួត ដោយមិនស្គាល់ពាក្យឈ្នះ ឬស្មើឡើយ។ ដូច្នេះចាំមើលប្រកួតចុងក្រោយថ្ងៃនេះ តើកម្ពុជា អាចរកបាន ៣ពិន្ទុត្រឡប់មកផ្ទះវិញបានទេ?

You might also like More from author