កម្ពុជា ប៉ះថៃ ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ ក្នុង​វគ្គជម្រុះ AFC U-19 Championship 2020 (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុមខ្លាំង U-19 ថៃ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ដែលជាប្រកួតទី៣ ក្នុងពូល G នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ ជើងឯកយុវជនអាស៊ី AFC U-19 Championship 2020។

នេះគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ ហើយក៏ត្រូវបានចាត់ទុកជាជំនួបសងសឹកផងដែរ បន្ទាប់ពីក្រុមគោព្រៃ ជំទង់កម្ពុជា ធ្លាប់បានយកឈ្នះក្រុម U-19 ថៃ ដោយលទ្ធផល ៤-៣ ក្នុងពានរង្វាន់ AFC U-18 Championship 2019 នៅប្រទេសវៀតណាម កាលពីថ្ងៃទី០៩ ខែសីហាកន្លងទៅ។

លោក Koji Gyotoku គ្រូបង្វឹកក្រុម U-19 កម្ពុជា បានលើកឡើងថា ការប្រកួតលើកនេះ ទំនងមិនងាយស្រួស នោះទេ ដោយសារថៃ បានធ្វើការផ្លាស់ប្ដូរកីឡាករមួយចំនួន។ ប៉ុន្ដែយ៉ាងណាលោកក៏បានត្រៀមខ្លួន ដើម្បីទទួលការប្រកួតដ៏សំខាន់នេះផងដែរ ដើម្បីទទួលបានលទ្ធផលល្អ និងចំណាត់ថ្នាក់ល្អ ក្នុងពូល។

បច្ចុប្បន្នក្រុម U-19 ថៃ កំពុងឈរកំពូលតារាងពូល G ដោយមាន ៦ពិន្ទុស្មើក្រុម U-19 ម៉ាឡេស៊ី ក្រោយទទួល បានជ័យជម្នះ ២ប្រកួតផ្ទួនៗ ខណៈក្រុមគោព្រៃជំទង់កម្ពុជា ឈរលេខ៣ និងមាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់ ១។ ដូច្នេះល្ងាចនេះ គឺជាការប្រកួតដ៏សំខាន់ ដោយកម្ពុជា ត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ៕

You might also like More from author