ស្ដេច​ប្រដាល់ Pacquiao បន្ដ​ផ្ដល់ការ​ស្វាគមន៍ ចំពោះ​ប្រតិភូគុន​ល្បុក្កតោ​កម្ពុជា

(ម៉ានីល)៖ មួយរយៈពេលចុងក្រោយនេះ គេឃើញកីឡាករប្រដាល់សកល Manny Pacquiao តែងផ្ដល់ការ ស្វាគមន៍ ចំពោះប្រតិភូ និងកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជាជាបន្ដបន្ទាប់។ ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែវិច្ឆិកាថ្មីៗនេះ ស្របពេលអត្តពលិកគុនល្បុក្កតោកម្ពុជាបានចេញទៅបោះជំរំហ្វឹកហាត់នៅហ្វីលីពីន សមាជិកព្រឹទ្ធសភារូបនេះ ក៏បានមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ។

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាអ្នកដឹកនាំអត្តពលិកទៅហ្វឹកហាត់នៅ ហ្វីលីពីន ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមនាពេលឆាប់ៗខាងមុខបានឲ្យដឹងថា ការជួបស្ដេចប្រដាល់ Manny Pacquiao នេះ ដោយសារថ្នាក់ដឹកនាំសហព័ន្ធ មានទំនាក់ទំនងល្អជាមួយសមាជិកព្រឹទ្ធសភាហ្វីលីពីន ផ្នែកកីឡាពិសេស រវាងកីឡាគុនល្បុក្កតោកម្ពុជា និងកីឡាប្រយុទ្ធដំបងខ្លី (ARNIS) របស់ហ្វីលីពីន ដើម្បីដាក់ បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមនាថ្ងៃអនាគត។

អគ្គលេខាធិការវ័យក្មេងរូបនេះបន្ដថា «សហព័ន្ធល្បុក្កតោ មានទំនាក់ទំនងល្អជាមួយសមាជិក ព្រឹទ្ធសភាហ្វីលីពីន ក្នុងផ្នែកកីឡាជាពិសេស និងកិច្ចសហការក្នុងរៀបចំឲ្យមានសហព័ន្ធកីឡាគុនល្បុក្កតោ នៅប្រទេសហ្វីលីពីន សម្រាប់ត្រៀមលក្ខណៈក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ហើយគុនល្បុក្កតោកម្ពុជា ក៏បានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមប្រកួតកីឡាប្រយុទ្ធដំបងខ្លី ARNIS ដែលជាកីឡាប្រពៃណីរបស់ ហ្វីលីពីន។ ដូច្នេះហើយ ជំនួបនេះគឺបង្ហាញពីការស្វាគមន៍ ចំពោះកិច្ចសហការ សម្រាប់ប្រភេទកីឡាទាំងពីរ ទៅថ្ងៃអនាគត ក្នុងនាមជាប្រទេសក្នុងអាស៊ាន»

លោក អ៊ួ តារា បន្ថែមថា ក្រៅពីជួបសំណេះសំណាលជាមួយ Pacquiao ស្ដេចប្រដាល់លំដាប់ពិភពលោករូបនេះ បានផ្តល់នូវមតិស្វាគមន៍ដល់ប្រតិភូកម្ពុជា ហើយថ្លែងអំណរគុណ ដែលបានជួយសហការជាមួយប្រភេទ កីឡាប្រពៃណីហ្វីលីពីន គឺកីឡាករ ARNIS។ មិនតែប៉ុណ្ណោះ លោកលើកទឹកចិត្តដល់កីឡាករ-កីឡាករិនី គុនល្បុក្កតោកម្ពុជា សម្រាប់ការត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន នាពេលឆាប់ៗខាងមុខទៀតផង។

តួប្រុសក្នុងរឿង «កំណប់ឪខ្ញុំ» ដដែលបន្ដថា «ជំនួបនេះ គឺមានសារៈសំខាន់សម្រាប់កម្ពុជា និងហ្វីលីពីន ដោយយើងនឹងមានការជ្រោមជ្រែងជាផ្លូវការមួយ ក្នុងការពង្រីកសក្តានុពលគុនល្បុក្កតោលើទឹកដីហ្វីលីពីន សម្រាប់ត្រៀម SEAGames 2023 និងថ្ងៃអនាគត និងពង្រឹងបន្ថែមលើកីឡាប្រយុទ្ធដំបងខ្លី ARNIS សម្រាប់ SEAGames បន្ទាប់ ដោយស៊ីហ្គេម លើកទី៣១ នៅវៀតណាម ក៏គ្រោងនឹងដាក់បញ្ចូលវិញ្ញាសាក្នុង SEAGames ផងដែរ»

សូមរំឭកថា កាលពីដើមឆ្នាំ២០១៩ ស្របពេលកីឡាការិនី សំ ថារ័ត្ន ចេញទៅផ្សព្វផ្សាយគុនល្បុក្កតោ នៅសហរដ្ឋអាមេរិក នាងក៏ត្រូវបានអញ្ជើញទៅផ្សព្វផ្សាយ និងបង្ហាត់ Manny Pacquiao ផ្ទាល់ ដល់គេហដ្ឋាន របស់លោកនៅទីនោះផងដែរ។ ចំពោះលើកនេះ ក្រៅពីជួបសំណេះសំណាងជាមួយ Pacquiao ប្រតិភូ និងកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជា ក៏ត្រូវបានអញ្ជើញទៅទស្សនកិច្ចនៅអគារព្រឹទ្ធសភាហ្វីលីពីន និងជួបជាមួយសមាជិកព្រឹទ្ធសភាហ្វីលីពីនជាច្រើនទៀតផង៕

You might also like More from author