CBS ទទួលបាន​សិទ្ធិ​ផ្សាយ​បន្តផ្ទាល់​ក្នុង​ជំនួប​កម្ពុជា ប៉ះ​ហុងកុង នៃវគ្គជម្រុះ World Cup 2022

(ភ្នំពេញ)៖ ជំនួបគូជក់ចិត្តរវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមម្ចាស់ផ្ទះហុងកុង ក្នុងវគ្គជម្រុះ World Cup 2022 និងវគ្គជម្រុះ Preliminary Joint Qualification Round 2 នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ម៉ោង ១៨៖៣០ នាទីតទៅ (ម៉ោងនៅកម្ពុជា) មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page: CBS Sport។

នេះជាការជួបគ្នាលើកទី២ រវាងក្រុមទាំងពីរក្នុងព្រឹត្តិការណ៍ខាងលើ ដែលកាលពីជើងទី១ កម្ពុជាបានប្រកួតស្មើជាមួយហុងកុង ដោយលទ្ធផល ១-១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។ សម្រាប់ជំនួបជើងទី២ នៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ កម្ពុជាបានត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះហុងកុង។

ចំពោះកម្ពុជា មុនការប្រកួតផ្លូវការទល់នឹងហុងកុង ក៏បានណាត់ជួបគ្នាជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំតែប៉ុណ្ណោះ។ ដោយឡែក ហុងកុងនឹងស្វាគមន៍ក្រុមបារ៉ែន ដែលស្ថិតក្នុងពូល C ជាមួយគ្នា ក្នុងការប្រកួតក្នុងវគ្គជម្រុះ World Cup 2022 ផងដែរនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មុននឹងទទួលក្រុមគោព្រៃកម្ពុជា នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកានៃសប្តាហ៍ក្រោយ៕

You might also like More from author