World Cup៖ ហុងកុង ស្មើបារ៉ែន មុនប៉ះ​កម្ពុជា ខណៈអ៊ីរ៉ាក់ ស៊ីអ៊ីរ៉ង់ ឡើង​ឈរកំពូល​តារាង

(ភ្នំពេញ)៖ ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar 2022) ពូល G ដែលមានក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតជើងទី១ ហើយ កាលពីយប់មិញ ដោយក្រុម ម្ចាស់ផ្ទះហុងកុង បានប្រកួតស្មើកក្រុមជម្រើសជាតិបារ៉ែន ០-០ និងអ៊ីរ៉ាក់ បានយកឈ្នះក្រុមភ្ញៀវអ៊ីរ៉ង់ ២-១ ដើម្បីឡើងឈរកំពូលតារាង។

ចំពោះការចែកគ្នា ១ពិន្ទុជាមួយក្រុមភ្ញៀវបារ៉ែនយប់មិញ គឺមុនពេលហុងកុង ត្រូវបន្ដបើកទ្វារផ្ទះទទួល ក្រុមគោព្រៃកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ក្នុងជំនួបជើងទី២ បន្ទាប់ពីប្រកួតស្មើគ្នា ១-១ កាលពីជើងទី១ នៅទឹកដីរបស់កម្ពុជា។ តាមគម្រោងក្រុមជម្រើសជាតិកម្ពុជា នឹងចេញទៅហុងកុង នាវេលាម៉ោង ៧យប់នេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda។

ដោយឡែកក្រុមអ៊ីរ៉ាក់ បានធ្វើឲ្យអ្នកគាំទ្រក្រុមអ៊ីរ៉ង់ ដែលមានចំណាត់ថ្នាក់ពិភពលោកទី២៧ មានការខក ចិត្តជាខ្លាំង ក្រោយប្រកួតចាញ់ក្រុមឈរលេខរៀងទី៧៤ ដោយលទ្ធផល ២-១។ ជ័យជម្នះនេះ បានធ្វើឲ្យអ៊ីរ៉ាក់ បន្ដឈរកំពូលតារាង និងមាន ១០ពិន្ទុ ខណៈអ៊ីរ៉ាក់ បន្ដឈរលេខ៣ និងមាន ៦ពិន្ទុ ចាញ់ប្រៀបក្រុមជម្រើសជាតិ បារ៉ែន ដែលកំពុងឈរលេខ២ ចំនួន ២ពិន្ទុ។

ចំពោះកម្មវិធីប្រកួតបើកឆាកជើងទី២ នាថ្ងៃទី១៩ ខែវិច្ឆិកាសប្ដាហ៍ក្រោយវិញ ក្រៅពីកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះ ហុងកុង ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក៏នឹងត្រូវបន្ដបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិបារ៉ែន ក្នុងជើងទី២ ផងដែរ បន្ទាប់ពីប្រកួតជើងទី១ ក្រុមទាំងពីរ បានបញ្ចប់ការប្រកួតពេញម៉ោង ដោយលទ្ធផលស្មើគ្នា ១-១ កាលពីដើមខែកញ្ញាកន្លងទៅ៕

You might also like More from author