ប្រេស៊ីល ប៉ះ​អាហ្សង់ទីន​យប់​នេះ ក្នុង​មិត្តភាព​អន្តរជាតិ នៅ​អារ៉ាប៊ីសាអូឌីត

(ក្រុងរីយ៉ាដ)៖ ក្រុមបាល់ទាត់សាំបាប្រេស៊ីល នឹងជួបប្រកួតទល់នឹងក្រុមខ្លាំងពពកស អាហ្សង់ទីន រាត្រីយប់នេះ ក្នុងមិត្តភាពអន្តរជាតិដែលនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅកីឡដ្ឋាន King Saud University ដែលស្ថិតក្នុងទីក្រុង Riyadh។

នេះជាការជួបគ្នាលើកទី១ គិតចាប់តាំងពីប្រេស៊ីលបានយកឈ្នះអាហ្សង់ទីន ២-០ ក្នុងការប្រកួតពានរង្វាន់ ជើងឯកប្រចាំទ្វីបអាមេរិកឡាទីន Copa America 2019 និងក៏ជាការរំពឹងចូលលេងលើកដំបូងផងដែរសម្រាប់ Lionel Messi បន្ទាប់ពីរួចបម្រាមរយៈពេល ៣ខែពីសហព័ន្ធ CONMEBOL។

គិតចាប់តាំងពីលើកពាន Copa America 2019 ក្នុងទឹកដី ក្រុមសាំប្រេស៊ីល មិនទាន់រកបានជ័យជម្នះណាមួយ នៅឡើយទេ ក្នុងចំណោម ៤ប្រកួត ក្រៅស្មើ៣ និងចាញ់ប៉េរូ ១-០ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកក្នុង សុទ្ធសឹងក្នុងមិត្តភាពអន្តរជាតិដូចគ្នា។

ដូចគ្នានោះដែរ ក្នុងជំនួបមិត្តភាពអន្តរជាតិក្នុងទឹកដីកណ្តាលនេះដែរ ក៏ជាការប្រឈមមុខដាក់គ្នារវាងកីឡាករ ពាក់លេខ៩ Gabriel Jesus ទល់នឹងមិត្តរួមក្រុមក្នុងក្លឹបមេឃខៀវ Manchester City ផងដែររួមមាន Nicolas Otamendi និង Sergio Aguero ជាដើម គ្រាដែលប្រេស៊ីល នឹងអវត្តមានកីឡាករសំខាន់ Neymar របស់ក្លឹប Paris Saint-Germain និងអ្នកចាំទី Alisson មកពីក្លឹបហង្សក្រហម Liverpool ដោយសារមានបញ្ហារបួសនៅឡើយ៕

You might also like More from author