កីឡាករ​កម្ពុជា សម្តែង​អារម្មណ៍​រំភើប ចំពោះ​ការប្រកួត​ក្រៅដី​លើកទី២ ទល់​នឹង​ហុងកុង យប់​នេះ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយហុងកុង សម្រាប់វគ្គជម្រុះ Preliminary Qualification Round 2 នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈកីឡាករ យ៉ើ ម៉ូស្លីម ដែលកំពុងតែបំពេញ បេសកម្មជាមួយក្រុមគោព្រៃកម្ពុជា ក៏បានសម្តែងអារម្មណ៍រំភើប ចំពោះការប្រកួតក្រៅដីជាលើកទី២ ក្នុងយុទ្ធនា ការនេះនៅម៉ោង ៧យប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះដែរ។

សម្រាប់ការត្រៀមខ្លួននៃការប្រកួតនេះ ម៉ូស្លីម បានបញ្ជាក់ថា «នេះជាការប្រកួតក្រៅដីរបស់ក្រុមកម្ពុជាយើង ខ្ញុំសង្កេតឃើញថា ម្នាក់ៗមានការត្រៀមខ្លួនល្អ ហើយយើងចង់បាន ៣ពិន្ទុនៅក្រៅដីនេះ ដើម្បីកុំឲ្យនៅបាត តារាងក្នុងពូល C ដែលទើបរកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ»

អ្វីដែលសំខាន់ផងនោះ ម៉ូស្លីមបាននិយាយថា «សម្រាប់ការប្រកួតនេះ ខ្ញុំមានអារម្មណ៍រំភើបពេលមកលេង នៅក្រៅដី ហើយចំពោះខ្ញុំផ្ទាល់ ខ្ញុំកាន់តែទទួលបានបទពិសោធន៍ច្រើនបន្ថែមទៀតទាក់ទងជាមួយ នឹងការត្រៀមខ្លួន ក៏ដូចជាការអភិវឌ្ឍន៍ខ្លួននៅថ្ងៃមុខផងដែរ»

សូមបញ្ជាក់ផងដែថា ឆ្លងកាត់ការប្រកួតកាលពីជើងទី១ រវាងកម្ពុជា និងហុងកុងនៅពហុកីឡដ្ឋានជាតិ គឺបានបញ្ចប់ទដោយលទ្ធផលស្មើគ្នា ១-១ ដែលជាការស៊ុតគ្រាប់តាមស្មើរបស់កីឡាករ កែវ សុខផេង៕

You might also like More from author