កីឡាករ​កម្ពុជា សម្តែង​អារម្មណ៍​សប្បាយ​រីករាយ ក្រោយ U19 ឡើង​ជុំផ្តាច់​ព្រ័ត្រ​ពាន AFC U19 ឆ្នាំក្រោយ

(ភ្នំពេញ)៖ អ្នកគាំទ្រ រួមទាំងកីឡាករកម្ពុជា និងកីឡាករក្នុងក្រុម លឹម ពិសុទ្ឋ បានសម្តែងអារម្មណ៍ សប្បាយរីករាយជាខ្លាំង ក្រោយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំបានឡើងទៅកាន់វគ្គបន្តទៀត នៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship ឆ្នាំ២០១៩ នៅប្រទេសអ៊ូសបេគីស្ថាន។

កីឡាករមកពីក្លឹបភ្នំពេញក្រោនខាងលើនេះបានបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែលយើងបានបង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ក្រុមកម្ពុជាក្នុងពានរង្វាន់ AFC U19 Championship។ គ្មានពាក្យអ្វីអាចរៀបរាប់ពីអារម្មណ៍របស់ខ្ញុំនៅពេលនេះបានទេ។ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែកនៅពេលបានដឹងថា យើងបានឈានទៅវគ្គបន្ត។ បើទោះបីជាកាលពីការប្រកួតនៅវគ្គជម្រុះ ខ្ញុំមិនបានលេងគ្រប់ការប្រកួតក្តី ក៏ខ្ញុំមានមោទនភាពចំពោះខ្លួនឯងដែរ ហើយខ្ញុំនឹងខំប្រឹងបន្ថែមទៀតសម្រាប់វគ្គបន្ទាប់នេះ»

គួរបញ្ជាក់ផងថា ការប្រកួតជម្រុះក្នុងពូល G នាពេលកន្លងមក ក្រុម U19 កម្ពុជា រកបានជ័យជម្នះ ៣លើក និងចាញ់ ១ដង ក្នុងចំណោម ៥ក្រុមដែលត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិជាមួយ ម៉ាឡេស៊ី ប្រ៊ុយណេ ថៃ កោះម៉ារីយ៉ាណាខាងជើង និងម្ចាស់ផ្ទះកម្ពុជា។

គួររំលឹកផងថា កីឡាករវ័យក្មេង លឹម ពិសុទ្ធ រកបាន ៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបានចំនួន ៣គ្រាប់ ក្នុងការប្រកួតវគ្គជម្រុះ AFC U19 Championship នាពេលកន្លងមកនៅពហុកីឡដ្ឋានជាតិនៅ ចន្លោះថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩៕

You might also like More from author