លោក កែវ រ៉េមី ចាត់​ទុក​ម្ចាស់​មេដាយមាស​ពិភពលោក ប៉ាល់ ជីវ័ន ជា​ហេរ៉ូ​របស់​តេក្វាន់ដូ ITF

(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានចាត់ទុកម្ចាស់មេដាយមាស ពិភពលោក ប៉ាល់ ជីវ័ន គឺជា Hero របស់គ្រួសារកីឡាតេក្វាន់ដូ ITF កម្ពុជា និងបានប្រាប់ឲ្យកីឡាករ-កីឡាការិនី ជំនាន់ក្រោយយកជាគំរូ ដើម្បីឆ្ពោះទៅប្រកួតប្រជែង និងដណ្ដើមមេដាយមាសពិភពលោកជូនជាតិដូច ជីវ័ន ទៀតផង។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នៅសាលមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិកាលពីចុងសប្ដាហ៍កន្លងទៅ។ លោកបានរំឭកថា ការដណ្ដើមបាន មេដាយមាសរបស់ ប៉ាល់ ជីវ័ន គឺមិនងាយស្រួលនោះទេ ទម្រាំជោគជ័យ ត្រូវឆ្លងកាត់ការប្រកួត ដែលមាន ៧០ ទៅ ៨០ប្រទេសចូលរួម។ ហេតុនេះទើបលោកចាត់ទុក ប៉ាល់ ជីវ័ន គឺជាហេរ៉ូរបស់តេក្វាន់ដូ ITF កម្ពុជា។

ទន្ទឹមជាមួយគ្នា ប្រធានសហព័ន្ធខាងលើក៏បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជំនាន់ក្រោយ ត្រូវយកគំរូតាមកីឡាករ ប៉ាល់ ជីវ័ន ត្រូវមានការតស៊ូ ព្យាយាម អត់ធ្មត់ និងយកចិត្តទុកដាក់ ដើម្បីស្នងតំណែង ក្នុងការឈានទៅដណ្ដើមមេដាយកម្រិតតំបន់ និងពិភពលោកជូនជាតិបន្ដទៀត ដ្បិតការប្រកួតកម្រិតអន្ដរជាតិ មិនងាយស្រួលដូចការប្រកួតថ្នាក់ជាតិនោះ។ ហេតុនេះទាំងកីឡាករជយលាភី និងមិនទទួលបានជយលាភី ត្រូវខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំង។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះវិញ គឺមានសមាគម/ក្លឹបតេក្វាន់ដូ ITF ចំនួន១៨ មកពីរាជធានី-ខេត្តចូលរួម ដោយមានកីឡាករ-កីឡាការិនីសរុប ១៦២នាក់ និងប្រកួតលើ ២៣វិញ្ញាសា។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ មានមេដាយមាស៦, ប្រាក់២ និងសំរឹទ្ធ៣ ខណៈខេត្តប៉ៃលិន ឈរលេខ២ ឈ្នះមេដាយមាស៤, ប្រាក់១ និងសំរឹទ្ធ៤ និងក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ៣ ឈ្នះមេដាយមាស៣, ប្រាក់៤ និងសំរឹទ្ធ៥៕

You might also like More from author