គុនល្បុក្កតោ​កម្ពុជា ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ ២គ្រឿង​ទៀត មុន​បញ្ចប់​បេសកកម្ម​នៅ SEA Games 2019

(ម៉ានីល)៖ កីឡាគុនល្បុក្កតោកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនហើយ នៅរសៀលថ្ងៃទី០៣ ខែធ្នូនេះ ប៉ុន្ដែមុនបញ្ចប់ភារកិច្ចដ៏សំខាន់ក្នុងការប្រកួតកីឡា Arnis ពួកគេក៏ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿងបន្ថែមទៀត ដែលធ្វើឲ្យកម្ពុជាកើនមេដាយដល់ ២១គ្រឿងផងដែរ ឈរនៅលេខរៀងទី៩ ក្នុងតារាងមេដាយបណ្តោះអាសន្ន។

នាយបេសកកម្មកម្ពុជា លោក វ៉ាត់ ចំរើន បានឲ្យដឹងថា មេដាយសំរឹទ្ធ ២គ្រឿងខាងលើ គឺដណ្ដើមបានដោយ កីឡាការិនី អេង ស៊ូម៉ាឡា និងកីឡាករ ឈឹម សិលា ប្រកួតលើវិញ្ញាសា Anyo Traditional Open Weapon។ ប៉ុន្ដែពេលនេះ គុនល្បុក្កតោបានបញ្ចប់ការប្រកួតទាំងស្រុងហើយ ដោយលទ្ធផលគុនល្បុក្កតោកម្ពុជា ដណ្ដើមបានមេដាយសរុប ២គ្រឿង (មាស១, ប្រាក់២ និងសំរឹទ្ធ១៧)។ ដូច្នេះសរុបទាំងមេដាយប្រាក់ ១គ្រឿង ដែលកម្ពុជាដណ្ដើមបានដោយកីឡាសីប៉ាក់តាក្រ ពេលនេះកម្ពុជាមានមេដាយសរុប ២១គ្រឿង (មាស១ ប្រាក់៣ និងសំរឹទ្ធ១៧) កំពុងឈរលេខរៀងទី៩ បណ្ដោះអាសន្នក្នុងតារាងមេដាយ ក្នុងចំណោមអត្តពលិកមកពី ១១ប្រទេស។

យ៉ាងណាមិញ កម្ពុជានៅមានអត្តពលិក និងកីឡាសក្ដានុពលជាច្រើនទៀតដែលកំពុងធ្វើការប្រកួត និងមិនទាន់ធ្វើការប្រកួត ហើយស្ថិតក្នុងការរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែម ជាក់ស្ដែងកីឡាប៉េតង់ផ្នែកនារី ដែលបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានកក់មេដាយសំរឹទ្ធក្នុងដៃស្រាប់។ ចំពោះការប្រកួតនៅ សល់រយៈពេល ៩ថ្ងៃទៀត។ ហេតុនេះថ្នាក់ដឹកនាំកីឡាកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការប្រកួតប្រជែង របស់អត្តពលិកកម្ពុជា ដើម្បីបង្កើនមេដាយ និងដណ្ដើមលទ្ធផលល្អជូនជាតិ ក្នុងបេសកកម្មស៊ីហ្គេមឆ្នាំនេះ៕

You might also like More from author