Man City រក​បាន​ជ័យជម្នះ​ដំបូង ក្នុង ៥ប្រកួត​ចុងក្រោយ ឡើង​ឈរ​លេខ២ នៅ PL វិញ (Video inside)

(ក្រុងឡុងដ៍)៖ ក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City បានបញ្ចប់ភាពត្រដាចត្រដួស ក្នុងចំណោម ៥ប្រកួត តាមរយៈយកឈ្នះក្រុមម្ចាស់ផ្ទះ Burley ស្រួលៗក្នុងលទ្ធផល ៤-១ នៅ Premier League សប្តាហ៍ទី១៥ ជើងទី១ នាយប់មិញនេះ។

៣ពិន្ទុក្រៅដីនេះដែរ បានជួយឲ្យក្រុមរបស់លោក Pep Guardiola ឡើងទៅឈរនៅលេខរៀងទី២ បណ្តោះអាសន្នវិញក្នុងតារាង Premier League គិតត្រឹមសប្តាហ៍ទី១៥ ក្រោយរកបាន ៣២ពិន្ទុស្មើក្រុមលេខ៣ Leicester City បន្តដេញតាមពីក្រោយក្រុមកំពូលតារាង ហង្សក្រហម Liverpool ចំនួន ៨ពិន្ទុ។

កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus រកបាន ២គ្រាប់ម្នាក់ក្នុងលទ្ធផលឈ្នះ ៤-១ ដែលជាការរកបាន ១១គ្រាប់ឲ្យ Man City នារដូវកាលនេះ សុទ្ធសឹងជាគ្រាប់បាល់ដែលកើតក្រៅដីទាំងអស់ក្នុងនាទីទី២៤ និងនាទីទី៥០ រួមចំណែកជាមួយមិត្តរួមក្រុម Rodri និង Riyad Mahrez ដែលរកបានម្នាក់ ១គ្រាប់ដូចគ្នានៅ នាទី៦៨ និងនាទី៨៧ មុនពេល ២នាទីបន្ទាប់ Brady រកបានតែ ១គ្រាប់ឲ្យម្ចាស់ផ្ទះ Burnley។

យ៉ាងណាមិញ ក្រុមកញ្ជ្រោងខៀវ Leicester City របស់លោក Brendan Rodgers នឹងវិលទៅកាន់តំណែងលេខ២ នៅ PL វិញ ប្រសិនបើអាចយកឈ្នះក្រុមដែលទើបបណ្តេញគ្រូបង្វឹកចេញ Watford នាម៉ោង ៣៖០០នាទីរំលង អាធ្រាត្រនេះនៅកីឡដ្ឋាន King’s Power៕

You might also like More from author