SEA Games 2019៖ ក្រុម​ប៉េតង់​នារី​កម្ពុជា ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្តើម​មេដាយមាស វិញ្ញាសា ៣ទល់​នឹង​៣នាក់

(ម៉ានីល)៖ ក្រុមកីឡាការិនីប៉េតង់កម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន បន្ទាប់ពីប្រកួតឈ្នះក្រុមកីឡាការិនីឡាវ។

ដោយលទ្ធផល ១៣-៩ពិន្ទុ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ។

សម្រាប់សមាភាពកីឡាការិនីកម្ពុជា ដែលបានប្រកួតឈ្នះក្រុមកីឡាការិនីឡាវ ឡើងវគ្គផ្ដាច់ព្រ័ត្រមុននេះ រួមមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា និងកីឡាការិនី អ៊ុន ស្រីយ៉ា។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុម កីឡាការិនីកម្ពុជា ឡើងទៅជួបក្រុមកីឡាការិនីម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាស នារសៀលនេះ ។ ប៉ុន្ដែចំពោះលទ្ធផលបណ្ដោះអាសន្នពេលនេះ គឺក្រុមកីឡាការិនីកម្ពុជា ទទួលបានមេដាយ ប្រាក់ក្នុងដៃស្រាប់ទៅហើយ។

ទន្ទឹមជាមួយជ័យជម្នះរបស់ក្រុមកីឡាការិនីវ័យក្មេងខាងលើ នៅព្រឹកថ្ងៃព្រហស្ប្តិតដដែលនេះ ក្រុមវីរកីឡាការិនី ប៉េតង់ឆ្នើមកម្ពុជា រួមមានម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ អ្នកស្រី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ក៏បានពួកដៃគ្នា យកឈ្នះយ៉ាងចាស់ដៃលើក្រុម កីឡការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ១៣-២ពិន្ទុ ក្នុងប្រកួតបើកឆាកវិញ្ញាសាវាយគូ ២នាក់ ទល់នឹង ២នាក់ផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែធ្នូនេះ កម្ពុជាបានបន្ដរក្សាការដណ្ដើមមេដាយផ្លូវការសរុប ២១គ្រឿងដដែល រួមមានមេដាយមាស ១, ប្រាក់ ៣ និងសំរឹទ្ធ១៧ ដែលដណ្ដើមបានដោយក្រុមអត្តពលិក៖

•  កីឡាគុនល្បុក្កតោ ឈ្នះមេដាយសរុប ២០គ្រឿង (មាស១, ប្រាក់២ និងសំរឹទ្ធ១៧)។
•  កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសាសីកន្ត្រក់៕

You might also like More from author