កម្ពុជា ឈ្នះមេដាយ​កើន​ដល់ ២២គ្រឿង​នៅ SEA Games 2019 ក្រោយ​កីឡា​ប៉េតង់ ដណ្តើម​បាន​មេដាយមាស

(ម៉ានីល)៖ ក្រុមកីឡាករ-កីឡាការិនីទាំង ៣១ប្រភេទកីឡាកររបស់កម្ពុជា ដណ្តើមបានមេដាយសរុបកើនដល់ ២២គ្រឿងហើយគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន។

មេដាយមាស ១គ្រឿងដែលដណ្តើមបានដោយប្រភេទកីឡាប៉េតង់ វិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ទៅលើក្រុមកីឡាការិនីម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១៣-៤ពិន្ទុនារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ។

តាមរយៈមេដាយមាស ១គ្រឿងនេះដែរ បានធ្វើឲ្យកម្ពុជាប្រែប្រួលចំណាត់ថ្នាក់ក្នុងតារាងមេដាយនៅ SEA Games 2019 ដោយហក់ចេញពីលេខ៩ ឡើងមកឈរនៅលេខ៧ ជាបណ្តោះអាសន្នវិញពីចំនួនមេដាយមាស ២គ្រឿង ប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ១៧គ្រឿង រុញមីយ៉ាន់ម៉ា ធ្លាក់មកឈរនៅលេខ៨ វិញ ដោយទើបឈ្នះមេដាយមាសតែ ១គ្រឿងនៅឡើយ។

យ៉ាងណាក៏ដោយ កម្ពុជានៅមានអត្តពលិក និងកីឡាសក្ដានុពលជាច្រើនទៀត ដែលកំពុងធ្វើការប្រកួត និងមិនទាន់ធ្វើការប្រកួត ហើយស្ថិតក្នុងការរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែម។ ហេតុនេះថ្នាក់ដឹកនាំ កីឡាកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការប្រកួតប្រជែងរបស់អត្តពលិកកម្ពុជា ដើម្បីបង្កើនមេដាយ និងដណ្ដើមលទ្ធផលល្អជូនជាតិក្នុងបេសកកម្មស៊ីហ្គេមឆ្នាំនេះ៕

You might also like More from author