SEA Games 2019៖ កម្ពុជា កើនមេដាយដល់ ២៧គ្រឿង គិតត្រឹមថ្ងៃសៅរ៍នេះ

(ម៉ានីល)៖ គិតត្រឹមល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយកើនដល់ ២៧គ្រឿងហើយ រួមមានមេដាយមាស២, ប្រាក់៤ និងសំរឹទ្ធ២១។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម។

លោកបានបញ្ជាក់ថា ចំពោះមេដាយទើបដណ្ដើមបានថ្ងៃនេះ គឺមានមេដាយសំរឹទ្ធ ៤គ្រឿង ដែលដណ្ដើមបានដោយក្រុមអត្តពលិកកីឡាប្រដាល់គុនខ្មែរ ៣គ្រឿង និងកីឡាសូហ្វតិន្នីស ១គ្រឿង។ ប៉ុន្ដែកម្ពុជា នៅមានអត្តពលិកជាច្រើនប្រភេទកីឡាទៀត ត្រូវបន្ដការប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

ចំពោះអត្តពលិកកម្ពុជា ដែលត្រូវបន្ដការប្រកួតនាថ្ងៃទី០៨ ខែធ្នូស្អែកវិញ គឺមាន ១២ប្រភេទ រួមមានកីឡាប្រដាល់សកល និងកីឡា Kick Boxing មានអត្តពលិក ៣រូបដូចគ្នា ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាទូកក្ដោង, កីឡាហុកគី, កីឡាអត្តពលកម្ម, កីឡាបាល់បោះ, កីឡាគុនដាវ, កីឡាតេក្វាន់ដូ, កីឡាការ៉ាតេដូ និងកីឡាសូហ្វតិន្នីស ។

គិតត្រឹមថ្ងៃសៅរ៍នេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិកដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន មានដូចជា៖

• កីឡាគុនល្បុក្កតោ ប្រកួតកីឡា Arnis ដណ្ដើមបានមេដាយសរុប ២០គ្រឿង (មាស១, ប្រាក់១ និងសំរឹទ្ធ១៧) ។
• កីឡាប៉េតង់ ឈ្នះមេដាយ ២គ្រឿង (មាស ១ និងប្រាក់ ១) ។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១ គ្រឿង ។
• កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង (នៅមានការប្រកួតបន្ដ) ។
• កីឡាសូហ្វតិន្នីស ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (នៅមានការប្រកួតបន្ដ)៕

You might also like More from author