ជយោ! ខាន់ ចេសា ដណ្តើម​បាន​មេដាយ​មាស​ហើយ ក្រោយ​ឈ្នះ​ហ្វីលីពីន នៅ SEA Games 2019

(ម៉ានីល)៖ កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។

លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាទម្ងន់ ៤៩គីឡូក្រាមនេះ ចេសា បានយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ទាំងប្រផិតប្រផើយ ពោលគឺមានប្រៀបទៅលើបច្ចេកទេស បន្ទាប់ពីការប្រកួតស្មើគ្នា ២-២ពិន្ទុ៕

នេះគឺជាមេដាយមាសទី៤ របស់កម្ពុជា ខណៈការដណ្ដើមបានជោគជ័យជូនជាថ្មីពីកីឡាការិនីកូនកាត់ អាមេរិករូបនេះ បានធ្វើឲ្យកម្ពុជា ហាក់ឡើងឈរលេខរៀងទី៧ ក្នុងតារាងមេដាយបណ្ដោះអាសន្នជាថ្មី ដោយដណ្ដើមបានមេដាយសរុប ៣៦គ្រឿង ក្នុងនោះមានមេដាយមាស ៤, ប្រាក់ ៦ និងសំរឹទ្ធ ២៦គ្រឿង ។

ចំពោះអត្តពលិក ដណ្ដើមបានមេដាយជូនជាតិ គិតត្រឹមវេលាម៉ោង ៣៖៥០នាទីរសៀលថ្ងៃច័ន្ទនេះ រួមមាន៖

• កីឡាគុនល្បុក្កតោ (ប្រកួតកីឡា Arnis) ឈ្នះមេដាយសរុប ២០គ្រឿង (មាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៧) ។
• កីឡាប៉េតង់ ឈ្នះមេដាយមាស ១ (វិញ្ញាសានារី ៣នាក់) និងប្រាក់ ១ (វិញ្ញាសាវាគូបុរស) ។
• កីឡាតេក្វាន់ដូ ឈ្នះមេដាយមាស ១ (ស៊ន សៀវម៉ី) និងមេដាយប្រាក់ ២ គ្រឿង(នៅមានប្រកួតបន្ដ) ។
• កីឡាជឺជិតស៊ូ ឈ្នះមេដាយមាស ១ (នៅមានការប្រកួតបន្ដ) ។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១គ្រឿង ។
• កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង ។
• កីឡាប្រដាល់សកល ឈ្នះមេដាយសំរឺទ្ធ ៥គ្រឿង
• កីឡាសូហ្វតិន្នីស ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (នៅមានប្រកួតបន្ដ)៕

You might also like More from author