គណៈកម្មការ​ផ្សព្វផ្សាយ និងព័ត៌មាន CAMSOC បើក​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ ដើម្បី​សម្រួច​ទិសដៅ​ស៊ីហ្គេម-២០២៣

(ភ្នំពេញ)៖ គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០១៩ និងដាក់ទិសដៅបន្ថែម ដើម្បីពង្រឹងការងារឲ្យកាន់តែមាន ប្រសិទ្ធភាពឆ្ពោះទៅ រកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ជា ច័ន្ទបូរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការ ផ្សព្វផ្សាយ និងព័ត៌មាននៃ CAMSOC ដោយផ្ដោតលើប្រធានបទសំខាន់ៗជាច្រើន ពិសេសប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវមានមជ្ឈមណ្ឌលព័ត៌មាន (Media Center) មជ្ឈមណ្ឌលសារព័ត៌មាន (Press Center) និងតួនាទីភារ កិច្ចរបស់អ្នកសារព័ត៌មានមុនស៊ីហ្គេម ពេលស៊ីហ្គេម និងក្រោយស៊ីហ្គេម ដោយគណៈកម្មការជំនាញមួយនេះ កំពុងលើកផែនការបន្តសម្រាប់ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកក៏បានរំឭកអំពីដំណើរទស្សនកិច្ចកម្មសិក្សាក្នុងស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន កាលពីថ្មីៗផងដែរ ដោយលោកថា មានចំណុចជាច្រើន ដែលម្ចាស់ផ្ទះហ្វីលីពីនធ្វើបានល្អលើមជ្ឈមណ្ឌល ផ្សព្វផ្សាយ គ្រាដែលកម្ពុជានឹងព្យាយាមសិក្សាបន្ថែមរវាងម្ចាស់ផ្ទះស៊ីហ្គេមផ្សេងៗ ពិសេសស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម ដើម្បីបង្កើតជាច្បាប់ថ្មីមួយដោយខ្លួនឯង សម្រាប់ដំណើរឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកថា «អ្វីដែលជាចំណុចមិនល្អ យើងនឹងកែសម្រួលឲ្យបានល្អ ដែលនេះជារឿងសំខាន់បំផុត។ អ្វីមួយដែល យើងមើលឃើញរបស់គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មានរបស់ស៊ីហ្គេម គឺភាគច្រើនផ្តោតលើការសម្រ បសម្រួលនូវកិច្ចការជាច្រើន ដែលការសម្របសម្រួល សម្រាប់សារព័ត៌មានមិនសូវបានល្អទេ នេះខ្ញុំមិន និយាយអំពីបច្ចេកវិទ្យាទេ គឺចង់សំដៅទៅលើការសម្របសម្រួល បើនិយាយឲ្យស្រួលស្តាប់គឺការទទួល បដិសណ្ឋារកិច្ចឲ្យបានល្អប្រសើរ ដោយកម្ពុជាយើងនឹងរៀបចំការិយាល័យមួយសម្រាប់ជួយសម្របសម្រួល ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នំា២០២៣ នៅកម្ពុជា»

គួរបញ្ជាក់ថា CAMSOC គឺដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ជាប្រធាន CAMSOC ដោយគណៈកម្មការជំនាញចំនួន១៣ និងលេខាធិការដ្ឋានមួយ ក្នុងនោះគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ដែលមានតួនាទីភារកិច្ចជាច្រើនផងដែរ ដូចជារៀបចំផែន ការផ្សព្វផ្សាយ និងរៀបចំប្រព័ន្ធព័ត៌មានឲ្យបានទូលំទូលាយ។ រៀបបចំយុទ្ធនាការផ្សព្វផ្សាយអប់រំ អត្ថប្រយោជន៍កីឡា អត្ថប្រយោជន៍កីឡាស៊ីហ្គេម សម្រាប់ម្ចាស់ផ្ទះ។ រៀបចំជ្រើសរើសក្រុមហ៊ុនផ្សព្វផ្សាយ ជំនាញឯកទេសកីឡា និងរៀបចំកម្មវិធីពេលព្រឹត្តិការណ៍ប្រកួត។ រៀបចំព្រឹត្តិប័ត្រព័ត៌មានកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងធ្វើរបាយការណ៍សកម្មភាពការងាររបស់ខ្លួនជាដើម៕

You might also like More from author