លោក ច័ន្ទ សារុន៖ ជើងឯក​គុន​ល្បុក្កតោ ចំណេញ​ទាំង​ការអភិរក្ស និង​អភិវឌ្ឍន៍​ត្រៀម​ស៊ីហ្គេម-២០២៣

(ភ្នំពេញ)៖ ការប្រកួតកីឡាល្បុក្កតោជ្រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ បានបញ្ចប់ហើយ ក្រោយដំណើរការ ប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែធ្នូ នៅទីលានសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អមជាមួយសមិទ្ធផលពីរធំៗ គឺចំណេញទាំងការអភិរក្ស និងអភិវឌ្ឍន៍កីឡាក្បាច់គុនបុរាណខ្មែរមួយនេះ ដើម្បីសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង។

លោក ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាគូសបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ គឺមានកំណើនអ្នកចូលរូមច្រើន ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ដែលស្ដែងឲ្យឃើញនូវភាពរីកចម្រើន របស់កីឡាគុនល្បុក្កតោ។ ទន្ទឹមជាមួយគ្នាលក្ខណៈបច្ចេកទេសក្នុងការប្រកួត ក៏មានការរីកចម្រើនគួរឲ្យកត់ សម្គាល់ផងដែរដែលធ្វើឲ្យលោកមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ អន្ដរជាតិនានានៅថ្ងៃអនាគត។

ប្រធានសហព័ន្ធដដែលបញ្ជាក់ថា «យើងបានធ្វើកិច្ចការងារធំៗចំនួនពីរគឺការអភិរក្ស និងអភិវឌ្ឍវិស័យ កីឡាគុនល្បុក្កតោ ដែលជាយុទ្ធសាស្ត្រស្នូលមួយ ក្នុងការប្រមូលផ្តុំនូវព្រឹទ្ធាចារ្យគុន និងអ្នកចេះគុនតាម តំបន់នានាចូលរួមសហការការងារក្នុងការផ្ទេរចំណេះដឹងដល់កូនចៅខ្មែរជំនាន់ក្រោយ ដើម្បីធ្វើឲ្យមាននិរត្តរ ភាពនៃក្បាច់គុនបុរាណខ្មែរល្បុក្កតោ»។ លោកថា នេះគឺជាចក្ខុវិស័យស្របគ្នា ដែលសហព័ន្ធកំពុងខិតខំអភិរក្ស និងជំរុញការអភិវឌ្ឍន៍កីឡាប្រពៃណីជាតិខ្មែរនេះ សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ក្រឡេកមកមើលលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ដែលមានអត្តពលិក ២២០នាក់ មកពី ២៧ក្លឹបទូទាំងរាជធានី-ខេត្តចូលរួមវិញ គឺក្លឹបសុវណ្ណអង្គរនាគរាជ (ខេត្តសៀមរាប) ឈរកំពូលតារាងដោយ ឈ្នះមេដាយមាស៥ និងប្រាក់១ តាមពីក្រោយដោយក្លឹបព្រះខ័នជ័យឈរលេខ២ ដណ្ដើមបានមេដាយមាស៤ និងប្រាក់២ ខណៈក្លឹបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស៣ ឈរចំណាត់ថ្នាក់លេខ៣៕

You might also like More from author