កីឡា​គុន​ចម្រុះ ៩ប្រភេទ ធ្វើឲ្យ​កក្រើក​យប់​ឆ្លងឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ

(ភ្នំពេញ)៖ កីឡាយុទ្ធគុនចម្រុះ ៩ប្រភេទ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ក្នុងឱកាស សម្ដែងអបអរសាទរបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី៣១ ខែធ្នូ។ កម្មវិធីនេះបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ប្រភេទកីឡា ដែលបានចូលរួមសម្ដែងក្នុងឱកាស ឆ្លងឆ្នាំសកលយប់មិញ រួមមានកីឡាគុនល្បុក្កតោដែលជាកីឡាប្រពៃណីជាតិខ្មែរ កីឡាតេក្វាន់ដូ WT តេក្វាន់ដូ ITF វ៉ូវីណាម វូស៊ូ យូដូ តុងហ្គីលម៉ូដូ សូរិនហ្ស៊ីកាំបូ និងកីឡារាំ។ លើសពីនេះក៏មានការចូលរួមសម្ដែងរបស់ក្រុម Show Band និងការប្រគំតន្ដ្រីទេសចរណ៍ដ៏ធំទៀតផង។

លោកថា កម្មវិធីនេះរៀបចំឡើងក្រោមការចង្អុលបង្ហាញរបស់លោករដ្ឋមន្ដ្រី ថោង ខុន ក្នុងអត្ថន័យសំខាន់ពីរ ទី១-អបអរសាទរខួប ១ឆ្នាំ នៃការសម្ពោធវិមានឈ្នះឈ្នះ និងទី២-ក្រើនរំឭក និងបំផុសប្រជាពលរដ្ឋ ចូលរួមរាប់ថយក្រោយ ឬ Count Down ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយការរៀបចំនេះក៏ទទួលបាន ការគាំទ្រពីសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ផងដែរ។

ទន្ទឹមជាមួយការសម្ដែងនូវកីឡាប្រពៃណី គុនចម្រុះ និងកីឡាទំនើបនោះដែរ NOCC ក៏បានរៀបចំកម្មវិធី សំណួរចម្លើយ ពាក់ព័ន្ធនឹងស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងន័យបំផុសសាធារណជន និងបញ្ជ្រាបការយល់ដឹង ពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នៅកម្ពុជានាឆ្នាំ២០២៣ ដល់ប្រជាពលរដ្ឋ ពិសេសទីតាំង ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមខ្លួនទទួលរៀបចំពិធីបើក-បិទ ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ តែម្ដង។ លោក វ៉ាត់ ចំរើន បន្ថែម។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានគូបញ្ជាក់ថា ដោយមានការណែនាំពីលោកបណ្ឌិត ថោង ខុន NOCC ក៏នឹងបន្ដរៀបចំនូវព្រឹត្តិការណ៍កីឡា និងទេសចរណ៍ជាច្រើនទៀត ដើម្បីរួមចំណែកធ្វើឲ្យតំបន់ វិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ ក្លាយជាតំបន់ទេសចរណ៍ក្នុងស្រុកមួយដ៏ទាក់ទាញ ក៏ដូចជារៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ គ្រប់ខេត្ត-ក្រុង ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕

You might also like More from author