ទិវា​រត់​ប្រណាំង Women 10K នឹង​រៀបចំ​អបអរ​ថ្ងៃ ៨មីនា អមដោយ​គោល​បំណង ៣យ៉ាង

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍រត់បែបកម្សាន្ដមួយទៀតហើយ គឺទិវារត់ប្រណាំងស្ដ្រី ចម្ងាយ ១០គីឡូត្រ ម៉ែឬ Women 10K ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៨ ខែមីនាខាងមុខ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិ រួមទាំងគោលបំណងសំខាន់ៗ ៣ទៀត ដើម្បីបំផុសស្មារតីស្ដ្រីក្នុងវិស័យកីឡាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា ព្រឹត្តិការណ៍នេះបែងចែកជា ២វិញ្ញាសា គឺរត់ ១០គីឡូម៉ែត្រ និង ៤គីឡូម៉ែត្រ ដោយបើកចំហរទាំងបុរស និងស្ដ្រី ក្នុងការចុះឈ្មោះចូលរួម គ្រាន់តែគោលដៅចម្បង គឺគណៈកម្មការរៀបចំចង់ឲ្យមានការចូលរួមឲ្យបានច្រើនកុះករពីស្ដ្រី ដែលជាផែនការយុទ្ធសាស្ដ្រមួយក្នុងការជំរុញស្ដ្រីលេងកីឡា និងសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣។

លោកបន្ដថា «គោលបំណងនៃទិវារត់ប្រណាំងស្ត្រីនេះ ទី១-យើងចង់លើកកម្ពស់ស្ត្រីឲ្យចូលរួមលេងកីឡាឲ្យបានច្រើន, ទី២-ចូលរួមចំណែក សមភាពយេនឌ័រ, ទី៣-ចូលរួមថែរក្សាការពារបរិស្ថាន ដែលកម្ពុជាកំពុងបើកយុទ្ធនាការកម្ពុជាស្អាតរបស់ក្រសួងទេសចរណ៍ ក៏ដូចជាយុទ្ធនាការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) ដោយបានដាក់ចេញនូវ «យុទ្ធនាការកម្ពុជាស្អាត» នេះ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលសង្កត់ធ្ងន់ថា «បើសិនការរៀបចំនេះ ទទួលបានជោគជ័យ យើងនឹងយកភាគផលទៅរៀបចំក្នុងការទិញសម្ភារៈកីឡា ឬធ្វើកម្មវិធីកីឡាស្ត្រីកម្រិតខ្ពស់របស់យើង ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ មិនមែនរៀបចំ ដើម្បីកេងចំណេញផលប្រយោជន៍សម្រាប់បុគ្គលណាម្នាក់ឡើយ ពោលគឺការរៀបចំផ្តោតសំខាន់តែផលប្រយោជន៍ជារួមរបស់មហាជន យកទៅបម្រើឲ្យបានជាប្រយោជន៍ដល់សង្គមជាតិវិញ»

ទន្ទឹមជាមួយគ្នាលោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡា អម NOCC បានអំពាវនាវដ៏ស្ដ្រីទាំងអស់ ពិសេសកីឡាការិនីឆ្នើមៗរបស់កម្ពុជា ចូលរួមព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីបង្ហាញនូវការលើកស្ទួយវិស័យកីឡាជាតិដោយស្មើភាពជាមួយបុរស។ លោកជំទាវ កីឡាមិនត្រូវបានរើសអើងភេទ ឬពូជសាសន៍ឡើយ ហេតុនេះស្ដ្រីក៏អាចលេងបាន ដើម្បីសុខភាព មិត្តភាព ព្រមទាំងអាចដណ្ដើមនូវស្នាដី និងកិត្តិយសជូនជាតិទៀតផង។

គួរបញ្ជាក់ថា ចំពោះការចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ គឺផ្ដោតសំខាន់លើការចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយរត់ចម្ងាយ ១០គីឡូម៉ែត្រ សម្រាប់បរទេសតម្លៃចុះឈ្មោះ ២០ដុល្លារ និងខ្មែរតម្លៃ ១០ដុល្លារ។ ចំណែករត់ចម្ងាយ ៤គីឡូម៉ែត្រ សម្រាប់បរទេសតម្លៃចុះឈ្មោះ ១៥ដុល្លារ និងខ្មែរតម្លៃ ៧ដុល្លារប៉ុណ្ណោះ ហើយការបង់ប្រាក់នេះ គឺសម្រាប់ចំណាយលើការបោះពុម្ភអាវ និងសម្ភារៈមួយចំនួនផ្ដល់ជូនអ្នករត់វិញ។ ចំពោះការចុះឈ្មោះ គ្រោងបិទនៅថ្ងៃទី២១ ខែកុម្ភៈខាងមុខ៕

You might also like More from author