លោក មាស ចាន់ណា ថា​ការ​ចាញ់​ក្នុង​រដូវ Pre-Season គឺជា​រឿង​ធម្មតា​របស់​ណាហ្គាវើលដ៍

(ភ្នំពេញ)៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៍ បានលើកឡើងថា ការចាញ់ការប្រកួតមិត្តភាពក្នុងរដូវកាល Pre-Season ជារឿងធម្មតារបស់ក្រុមខ្លួន តែអ្វីដែលសំខាន់ គឺការត្រៀមខ្លួនបានល្អ សម្រាប់រដូវកាលថ្មី។ ការនិយាយបែបនេះ គឺក្រោយពេលណាហ្គាវើលដ៏ ប្រកួតចាញ់អាស៊ីអឺរ៉ុប ដោយលទ្ធផល ៤-៣ ក្នុងពាន TV5 Pre-Season Championship 2020 នៅកីឡដ្ឋានស្ដាតចាស់ កាលពីល្ងាចមិញ។

គ្រូបង្វឹកជួយក្រុមណាហ្គាវើលដ៏លើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នេះ បាននិយាយថា «ក្នុងដំណាក់កាលត្រៀមនេះ ខ្ញុំមិនសូវខ្វល់រឿងលទ្ធផលទេ ព្រោះភាគច្រើនក្រុមខ្ញុំកម្រឈ្នះណាស់ សម ៨ប្រកួត យ៉ាងច្រើនយើងឈ្នះ ២ប្រកួត ឬ ១ប្រកួតអីហ្នឹង ។ ពេលខ្លះគេស៊ុតយើង ៧គ្រាប់ ឬ ៨គ្រាប់ក៏មាន។ ចឹងខ្ញុំអត់ខ្វល់ ពីរឿងរដូវកាលត្រៀមនេះទេ សំខាន់ពេលខាងមុខ តែបើយើងគិតថា រដូវកាលត្រៀមសំខាន់ ឬការប្រកួតសមសំខាន់ បញ្ហាថ្ងៃក្រោយ នឹងកើតមាន»

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតកាលពីល្ងាចមិញ ក្រុមអាស៊ីអឺរ៉ុប និងក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ បានដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយក្រសួងការពារជាតិ បានយកឈ្នះក្រុមសូលទីឡូអង្គរ ដោយលទ្ធផល ២-០។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាល្ងាចថ្ងៃទី១៨ ខែមករាស្អែក តែមុនឈានដល់ការប្រកួតដណ្ដើមពានរវាងអាស៊ីអឺរ៉ុប និងក្រសួងការពារជាតិ ក្រុមចាញ់ទាំងពីរ គឺណាហ្គាវើលដ៏ និងសូលទីឡូអង្គរ ក៏ត្រូវជួបគ្នាដណ្ដើមលេខ៣ នាវេលាម៉ោង ៣រសៀលថ្ងៃជាមួយគ្នាផងដែរ៕

You might also like More from author