ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ ១២៨​គីឡូម៉ែត្រ នៅ​តំបន់​អង្គរ ចាប់ផ្ដើម​ការ​ប្រកួត!

(សៀមរាប)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥ បានចាប់ផ្ដើមការប្រកួតហើយនៅព្រឹកថ្ងៃទី១៨ ខែមករានេះ ដោយវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ និង ៦៤គីឡូម៉ែត្រ បានចេញដំណើរមុនគេ តាំងពីម៉ោង ៤ទៀបភ្លឺ នៅទីលានប្រជល់ដំរី ហើយត្រូវរត់ឆ្លងកាត់ឧបសគ្គ ព្រៃប្រឹក្សា ប្រាង្គប្រាសាទ ភូមិ-ឃុំអ្នកស្រុក និងវាលស្រែមួយចំនួន មុនបញ្ចប់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្អែក។

ក្នុងឱកាសចូលរួមពិធីចេញដំណើរការរត់ចម្ងាយឆ្ងាយខាងលើ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ដែលបានចូលរួម និងគាំទ្រព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ ហើយលោកបានអំពាវនាវឲ្យពួកគេបន្ដការគាំទ្រ និងចូលរួមកាន់តែច្រើនបន្ថែមទៀតនាឆ្នាំក្រោយៗ។

បន្ថែមលើនេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបានបង្ហាញនូវស្នាមញញឹម អមដោយភាពសប្បាយរីករាយ ក្នុងការចូលរួមរត់ចម្ងាយឆ្ងាយរហូតដល់ទៅ ១២៨គីឡូម៉ែត្រ ក្នុងនោះក៏មានកីឡាករកម្ពុជា ៣រូបចូលរួមដែរ។ ពិសេសគឺជនបរទេស ដែលបានអរគុណកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង នៅតំបន់អង្គរ ជាតំបន់បេតិកភណ្ឌដ៏ល្អឯក ហើយមានការស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាពលរដ្ឋ។

ទន្ទឹមជាមួយគ្នាលោក Jean Claude មន្ដ្រីបច្ចេករៀបចំព្រឹត្តិការណ៍ Angkor Ultra Trail បានបញ្ជាក់ថា ឆ្នាំនេះការប្រកួតមានលក្ខណៈល្អប្រសើរ និងទាក់ទាញជាងឆ្នាំមុន ដ្បិតការចុះឈ្មោះកើនដល់ទៅ ១០%។ អ្វីដែលគួរឲ្យកត់សម្គាល់គឺកំណើននៃការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលនាំឲ្យព្រឹត្តិការណ៍កីឡាផ្សងព្រេងនេះ មានកំណើនអ្នកចូលរួមជាបន្ដបន្ទាប់។ មិនតែប៉ុណ្ណោះលោកក៏បានបង្ហើបគម្រោងបង្កើតវិញ្ញាសារត់ចម្ងាយ ៨គីឡូម៉ែត្រនាឆ្នាំក្រោយ ដើម្បីទាក់ទាញអ្នកចូលរួមកាន់តែច្រើនទៀតផង។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail 2020 គឺមានវិញ្ញាសាប្រកួត ដូចជារត់ ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ដោយមានអ្នកចូលរួមសរុប ១,២៥៥នាក់ មកពី ៤៥ប្រទេស ។ ចំពោះវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ ត្រូវចំណាយពេលរត់ប្រមាណ ២៤ម៉ោង ដោយគ្រោងបញ្ចប់នៅថ្ងៃទី១៩ ខែមករា។ ឯពិធីបំពាក់មេដាយ នឹងធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ហើយមានការចូលរួមពីលោកជំទាវស្ថានទូតបារាំងប្រចាំនៅកម្ពុជាផងដែរ៕

You might also like More from author