អាជ្ញាធរ​ជាតិ​អប្សរា មាន​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​កំណើន​ទេសចរណ៍​កីឡា

(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះកំណើនទេសចរណ៍កីឡា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ផ្សេងៗរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលជះឥទ្ធិពលវិជ្ជមានដល់វិស័យទេសចរណ៍ជាតិ ពិសេសខេត្តសៀមរាប ដើម្បីរួមចំណែកស្រូបទាញកំណើនទេសចរណ៍ឡើងវិញ។

ការអះអាងបែបនេះ បានធ្វើឡើងក្នុងពិធីប្រគល់មេដាយជលាភីដល់កីឡាករ-កីឡាការិនី រត់ចម្ងាយ ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ នៃទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥ នៅរសៀលថ្ងៃទី១៨ ខែមករានេះ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ហើយក៏មានការចូលរួមពីអាជ្ញាធរខេត្តសៀមរាប ស្ថានទូតបារាំងប្រចាំកម្ពុជា។

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាខាងលើ បញ្ជាក់ថា ពេលនេះទេសចរណ៍ខេត្តសៀមរាប កំពុងមានការធ្លាក់ចុះ ដោយសារមូលហេតុមួយចំនួន។ ដូច្នេះការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ពិតជាមានការទាក់ទាញ ពិសេសតំបន់អង្គរ គឺជាម៉ាស៊ីនមួយ ដើម្បីទាក់ទាញទេសចរណ៍អន្ដរជាតិ។ ហេតុនេះការយកតំបន់អង្គរជាកន្លែងរៀបចំ ក្រៅពីផ្ដោតលើទេសចរណ៍វប្បធម៌ ក៏មានទេសចរណ៍កីឡាដែរ ដែលអាចទាញផលចំណេញពីការចូលរួម ដ្បិតវត្តមានរបស់អ្នកកីឡាទាំងនោះ ត្រូវចំណាយទាំងពេលវេលា និងធនធានច្រើននៅកម្ពុជា។

លោកបន្ដថា «ខ្ញុំគិតថា ការកើនឡើង អ្នកចូលរួមលក្ខណៈកីឡានេះ នឹងក្លាយជាផលល្អ សម្រាប់ទេសចរណ៍ស្រុកយើង។ ទន្ទឹមជាមួយគ្នា ដើម្បីចូលរួមទាក់ទាញទេសចរណ៍មកស្រុកខ្មែរឲ្យច្រើងជាងមុន អាជ្ញាធរអប្សរារបស់យើង ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើនដែរ ជាក់ស្ដែងផែនការឆ្នាំ២០២០ មានការស្ថាបនាផ្លូវ និងការធ្វើតំបន់មុខអង្គរវត្តឲ្យបៃតង់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំទៀត បន្ទាប់ពីមានផែនការ ៤ឆ្នាំកន្លងទៅ ហើយឆ្នាំនេះ យើងនឹងសម្រេចលទ្ធផលឲ្យបាន ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសឲ្យបានច្រើនឡើងវិញ»

ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC តំណាងលោកបណ្ឌិត ថោង ខុន ក៏បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះកំណើនអ្នកចូលរួមព្រឹត្តិការណ៍ Angkor Ultra Trial ឆ្នាំនេះផងដែរ ពិសេសការយល់ដឹងកាន់តែច្រើនរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍នេះ ធ្វើមានកំណើនពីមួយឆ្នាំទៅមួយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺជនបរទេសចូលរួមរត់ឆ្នាំនេះ បានបង្ហាញនូវការកោតសរសើរ ចំពោះការរៀបចំកាន់តែល្អ ទាំងផ្លូវរត់ និងការផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមករានេះ វិញ្ញាសាចំនួន ៤ បានបញ្ចប់ហើយ រួមមានវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ។ នៅឡើយតែវិញ្ញាសារត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ ដែលត្រូវបន្ដរត់ រហូតដល់រសៀលថ្ងៃទី១៩ ខែមករាស្អែក បន្ទាប់ពីពួកគេ បានចេញដំណើរពីទីលានប្រជល់ដំរី កាលពីវេលាម៉ោង ៤ទាបភ្លឺនៅព្រឹកថ្ងៃសៅរ៍នេះ។ ចំពោះពិធីបិទ តាមគម្រោងក៏នឹងមានការចូលរួមលោករដ្ឋមន្ដ្រី ថោង ខុន និងថ្នាក់ដឹកនាំមួយចំនួនផងដែរ៕

You might also like More from author