ព្រះខ័នរាជ​ស្វាយរៀង ប៉ះ Master 7 ក្នុង​វគ្គ​ជម្រុះ​ពាន AFC Cup ម៉ោង ៦ល្ងាច​នេះ

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជើងឯករងលីគកំពូលឡាវ Master 7 នាវេលាម៉ោង ៦ល្ងាចថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ នេះនៅពហុកីឡដ្ឋានជាតិ ក្នុងជើងទី១ នៃវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ទ្វីបអាស៊ី AFC Cup 2020។

លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ក្រុមខ្លួនបានត្រៀមហើយជាស្រេច ក្នុងការស្វាគមន៍ក្រុម Master 7 និងដណ្ដើមជ័យជម្នះ ដើម្បីប្រជែងកៅអីវគ្គចែកពូលនៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ីខាងលើ។

លោកថា «ពួកយើងនឹងខំប្រឹង ដើម្បីដណ្ដើមជ័យជម្នះក្នុងការប្រកួតថ្ងៃនេះ តែបើសិនអត់ទាន់បានជ័យជម្នះ យើងនឹងបន្ដខំប្រឹងរកជ័យជម្នះក្រៅដីឲ្យបាន។ បើយើងចង់ឡើងទៅវគ្គចែកពូល យើងត្រូវត្រៀមឲ្យបានល្អបំផុត។ Master 7 ដូចយើងបានដឹង ពួកគេជាក្រុមមួយល្អ ចឹងយើងត្រូវការប្រឹងប្រែង និងខំឲ្យអស់ពីសមត្ថភាព»

គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះបានបន្ដថា «ដូចយើងបានដឹង ការត្រៀមនៅម៉ាឡេស៊ី គឺទទួលបានលទ្ធផលល្អ បន្ទាប់ពីយើងមានកីឡាករបរទេសចូលរួម តែការប្រកួតថ្ងៃនេះជាបរិយាកាសថ្មី។ សំខាន់យើងនឹងប្រឹងប្រែង ដើម្បីមានឱកាសមកលេងនៅកម្ពុជាម្ដងទៀត បន្ទាប់ពីយើងបានឡើងដល់វគ្គចែកពូល»

ចំណែកគ្រូបង្វឹកក្រុម Master 7 លោក Mihai Dino វិញបានអះអាងថា ពួកគេក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីដណ្ដើមជ័យជម្នះក្រៅដីជាមួយម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងដែរ។ លោកថា ទោះការបោះជំរំនៅថៃ ក្រុមខ្លួនធ្វើមិនបានល្អ តែវាជាលទ្ធផលក្រៅផ្លូវការ ហើយលោកជឿជាក់ការប្រកួតល្ងាចនេះ កូនក្រុមខ្លួននឹងធ្វើបានល្អប្រសើរ ដើម្បីនាំជ័យជម្នះជូនអ្នកគាំទ្រខ្លួន។

លោកនិយាយថា «នេះជាប្រវត្តិសាស្ដ្រលើកដំបូងសម្រាប់ក្លឹប ហើយយើងបានខំប្រឹងទោះបីយើងត្រូវថា ការប្រកួតថ្ងៃនេះ យើងត្រូវជួបក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា តែយ៉ាងណាពួកយើងនឹងខំប្រឹង ដើម្បីស្វែងរកលទ្ធផលល្អ ក្នុងការប្រកួតដ៏តានតឹងនេះ ក៏ដូចជាសម្រាប់ត្រៀមរដូវកាលថ្មីនៃលីគកំពូលឡាវផងដែរ»

គួរបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួតជើងទី១ ព្រះខ័នរាជស្វាយរៀង នឹងត្រូវចេញទៅតតាំងជាមួយក្រុម Master 7 នៅលើទឹកដីឡាវវិញនាថ្ងៃទី២៩ ខែមករាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមជ័យជម្នះឡើងទៅបង្គ្រប់កៅអីវគ្គចែកពូល។ ចំពោះការប្រកួតល្ងាចនេះ ក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ដែរ៕

You might also like More from author