ក្រុមឪម៉ាល់ ការពា​ជើងឯក​ពាន Aquarius Cup បាន​សម្រេច ក្រោយ​ផ្ដួល AHFS នៅ​វគ្គផ្តាច់​ព្រ័ត្រ

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិនអាជីព Aquarius Cup លើកទី២ ឆ្នាំ២០២០ បានរកឃើញក្រុមជើងឯកហើយ គឺក្រុមឪម៉ាល់ បន្ទាប់ពីយកឈ្នះគូប្រជែង AHFS FC ដោយលទ្ធផល ១-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅទីលានវិទ្យាល័យឥន្ទ្រទេវីកាលពីដើមសប្ដាហ៍កន្លងទៅ។

ក្នុងនាមក្រុមការពារតំណែងជើងឯក ឪម៉ាល់បានយកឈ្នះក្រុម AHFS FC យ៉ាងតានតឹងបំផុត ដោយវគ្គទី១ ពុំមានការស៊ុតបញ្ចូលទីគ្នានោះទេ លុះចូលវគ្គទី២ ក្រុមទាំងពីរ បានបង្កើនការវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោងទើបកីឡាករ អោក ច័ន្ទសេរីវង្ស បំប៉ោងសំណាញ់ទីក្រុម AHFS ១គ្រាប់ ជួយឲ្យក្រុមឪម៉ាល់លើកពានជាថ្មីតែម្ដង។

ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។ បន្ទាប់ពីប្រគល់ពាន អមដោយប្រាក់រង្វាន់ ២០លានរៀល ដល់ក្រុមជើងឯកឪម៉ាល់ លោក នួន ផារ័ត្ន ក៏បានលើកទឹកចិត្តដល់យុវជនក្នុងការចូលរួមលេងកីឡា ដើម្បីមិត្តភាព សុខភាព តែក៏មិនត្រូវភ្លេចខំប្រឹងពង្រឹងការសិក្សារបស់ខ្លួនដែរ។

លោក មាស វុត្ថា បានបញ្ជាក់ថា ការប្រកួតនេះ គឺឈរលើចក្ខុវិស័យយូរអង្វែងរបស់ក្រុមហ៊ុន ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ ក៏ដូចជាជំរុញឲ្យមានសុខុមាលភាពសង្គម ព្រមទាំងផ្តល់ឱកាសដល់និយមលេងកីឡា បានបញ្ចេញសមត្ថភាព និងកសាងចំណងមិត្តភាព សុខភាព ហើយក៏ចូលរួមបំផុសចលនាលេងកីឡា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់មិនអាជីពនេះបានចាប់ផ្ដើមការប្រកយតតាំងពីថ្ងៃទី២២-ធ្នូ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដោយមាន ៣២ក្រុមចូលរួម ស្មើនឹង ៦៨ប្រកួត ដោយមានប្រាក់រង្វាន់សរុប ៤០លានរៀល សម្រាប់លើកទឹកចិត្តដល់ក្រុមលេខ១ ដល់ក្រុមលេខ៤ រួមទាំងក្រុមលេងល្អ កីឡាករស៊ូតបញ្ចូលទីច្រើនជាងគេ និងក្រុមអាជ្ញាកណ្ដាលល្អទៀតផង៕

You might also like More from author