ប្រធាន​ក្រុម​អង្គរ​ថាយហ្គឺរ ពៅ ភារិទ្ធិ ថាសមាជិក​របស់​ខ្លួន​មាន​ការ​លេង​ជា​ក្រុម​បាន​ល្អ​ជាង​មុន

(ភ្នំពេញ)៖ ក្រោយពីការចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិធំៗ២ ពេលប៉ះក្រុមខ្លាំងៗក្នុងស្រុក និងក្រៅស្រុកទាំងនៅកីឡដ្ឋាន RSN និង SRU Stadium នាពេលថ្មីៗនេះ ប្រធានក្រុមអង្គរថាយហ្គឺរ ពៅ ភារិទ្ធិ មើលឃើញថា សមាជិករបស់ខ្លួនមានការលេងជាក្រុមបានល្អ។

ភារិទ្ធិ បានថ្លែងថា «មុនចូលរដូវកាលថ្មី ក្រុមយើងទទួលបានបទពិសោធយ៉ាងល្អពីក្រុមដែលលេងកន្លងមកនេះ គឺយើងលេងជាក្រុមសហការគ្នាបានយ៉ាងល្អ។ ដោយឡែកសម្រាប់ចំណុចខ្សោយវិញ គឺយើងនៅមិនទាន់មុតស្រួចនៅឡើយនៅតំបន់ប្រយុទ្ធ ដូច្នេះយើងនឹងព្យាយាមកែតម្រូវឲ្យបានល្អថែមទៀត»

អ្វីដែលសំខាន់ផងនោះ កីឡាករមានប្រភពពីខេត្តស្វាយរៀងទទួលស្គាល់ថា ការទទួលបានលទ្ធផលមិនសូវល្អកន្លងមក ដោយសារតែក្លឹបចង់ផ្ដល់ឱកាសដល់កូនក្រុមលេងបានគ្រប់ៗគ្នា ជាពិសេសយុវជនមុនរដូវកាលថ្មីមកដល់។

គួរដឹងដែរថា ខ្សែបម្រើស្នូលរូបនេះចាត់ទុកការប្រកួតកន្លងមកជា បទពិសោធយ៉ាងល្អសម្រាប់ក្រុមមុនរដូវកាលថ្មីក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចូលមកដល់នៅខែកុម្ភៈខាងមុខ។

សូមបញ្ជាក់ផងដែរថា អង្គរថាយហ្គឺរនឹងបើករដូវកាលឆ្នាំ២០២០ នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ដោយត្រូវទទួលភ្ញៀវបឹងកេតនៅកីឡដ្ឋាន SRU ស្ថិតនៅខេត្តសៀមរាបតែម្តង៕

You might also like More from author