អ្នក​ចាត់​ការ​ក្លឹប​សៀមរាប​យូណាយធីត ថា​ពាន Siem Reap Super Asia Cup លើកទី២ នឹង​ធ្វើកាន់​តែធំ

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពអន្ដរជាតិ Siem Reap Super Asia Cup 2020 លើកទី១ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៤ថ្ងៃ នៅកីឡដ្ឋាន SRU Stadium កាលពីថ្ងៃទី២៣-២៦ ខែមករាកន្លងទៅ។ ទន្ទឹមជាមួយគ្នា លោក ប៊ួយ ដារី អ្នកចាត់ការទូទៅក្លឹបសៀមរាបយូណាយធីត បានអះអាងថា នឹងបន្ដរៀបចំពាននេះកាន់តែធំនាឆ្នាំក្រោយ។

សម្រាប់ការប្រកួតឆ្នាំដំបូងនាកីឡដ្ឋានក្មេងខ្ចី លើទឹកដីអង្គរ ខេត្តសៀមរាបនេះ គឺលើកពានដោយក្រុម Bhayangkara FC មកពីឥណ្ឌូនេស៊ី បន្ទាប់ពីយកឈ្នះក្រុមម៉ាឡេស៊ី Petaling Jaya City FC ដោយលទ្ធផល ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅក្រុមអង្គរថាយហ្គឺរ ក្រោយយកឈ្នះក្រុមវិសាខាដោយការទាត់បាល់ប៉េណាល់ទីកាត់ក្ដី ៥-៤ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ១-១។

ក្រោយបញ្ចប់ការប្រកួតលោក ប៊ួយ ដារី បានសម្ដែងនូវមោទនភាពជាខ្លាំង ដែលការរៀបចំព្រឹត្តិការណ៍អន្ដរជាតិលើកទី១ ទទួលបានជោគជ័យ និងទទួលបានការសរសើរពីគ្រប់ក្លឹបចូលរួម។ លោកថា ការរៀបចំដំបូងរមែងមានចំណុចខ្វះខាតបន្ដិចបន្ដួច តែថ្នាក់ដឹកនាំក្លឹបពេញចិត្ត និងមានមហិច្ឆតារៀបចំព្រឹត្ដិការណ៍នេះកាន់តែធំនាឆ្នាំក្រោយៗដោយគ្រោងអញ្ជើញក្លឹបម៉ាឡេស៊ី ថៃ សិង្ហបុរី និងឥណ្ឌូនេស៊ីជាដើមចូលរួម។

លោកថា «ធម្មតាលើកទី១ យើងធ្វើបានប៉ុណ្ណឹង ល្អហើយ ព្រោះដូចយើងដឹងអញ្ចឹង ក្រុមចូលរួមទាំងអស់ ពួកគាត់សប្បាយចិត្ត ទោះបីជាបទពិសោធន៍លើកទី១ សម្រាប់យើង…។ យើងចង់ធ្វើពាននេះ ជាពានអន្ដរជាតិមួយរាល់ឆ្នាំ ហើយឆ្នាំក្រោយ យើងធ្វើឲ្យធំ និងល្អជាងហ្នឹង ព្រោះមានពេលវេលាច្រើន សម្រាប់រៀបចំ»។ ការនិយាយបែបនេះ ព្រោះការប្រកួតលើកដំបូងនេះទទួលបានការគាំទ្រច្រើនពីមហាជន និងក្រុមទាំងអស់។

ដោយឡែកលោក Paul Munster គ្រូបង្វឹកក្រុម Bhayangkara FC វិញ បានសម្ដែងការពេញចិត្ត ដែលបានមកប្រកួតពានខាងលើ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន សម្រាប់ត្រៀមរដូវកាលថ្មី ពិសេសលោកបានសរសើរពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជាបច្ចុប្បន្ន។ ហើយលោកសង្ឃឹមថា នឹងបានមកប្រកួតនៅកីឡដ្ឋាន SRU ក៏ដូចជាជួបក្រុមខ្លាំងៗនៅកម្ពុជាជាបន្ដបន្ទាប់ទៀតនាថ្ងៃអនាគត។

គួរបញ្ជាក់ថា ពាន Siem Reap Super Asia Cup 2020 រៀបចំដោយក្លឹបសៀមរាបយូណាយធីត សហការជាមួយ Bolabros និង Karki Jersi។ ពាននេះរៀបចំឡើង ដើម្បីកម្ពស់វិស័យកីឡាបាល់ទាត់ជាតិ ពិសេសបាល់ទាត់ខេត្តសៀមរាប។ លើសពីនេះ ក៏ជាឱកាសផ្សព្វផ្សាយនូវសក្ដានុពលខេត្តសៀមរាប ដើម្បីទាក់ទាញផ្នែកទេសចរណ៍អន្ដរជាតិផងដែរ។ នេះបើតាមការគូបញ្ជាក់បន្ថែមរបស់លោក ប៊ួយ ដារី៕

You might also like More from author