ព្រះខ័នរាជស្វាយរៀង បន្ដលត់ Master 7 ៣-០ ឡើងវគ្គ​ចែកពូល​ពាន AFC Cup 2020

(វៀងចន្ទ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានឡើងវគ្គចែកពូលពានរង្វាន់ AFC Cup 2020 ហើយ បន្ទាប់ពីបន្ដយកឈ្នះក្រុម Master 7 មុននេះបន្ដិច ដោយលទ្ធផល ៣-០ ក្នុងជំនួបជើងទី២ នៅទឹកដីប្រទេសឡាវ។ សរុបលទ្ធផល ២ជើងក្រុមលោក Conor Nestor បានយកឈ្នះក្រុមជើងឯករងលីគកំពូលឡាវ ៧-១។

ការប្រកួតកាត់សេចក្ដីក្រៅដី ក្រុមព្រះខ័នរាជស្វាយរៀង ធ្វើបានកាន់តែល្អ ដោយមិនឲ្យរបូតគ្រាប់បាល់ឡើយ។ ចំពោះគ្រាប់បាល់ជ័យជម្នះ ៣គ្រាប់ ដែលជួយឲ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បានបន្ដដំណើរឡើងវគ្គចែកពូលនេះ រកបានដោយកីឡាករ សំអឿន ពិដោរ និង Privat នៅវគ្គទី១ និង ១គ្រាប់ទៀត បញ្ចប់ទីដោយកីឡាករ ហ៊ួយ ផល្លីន នៅវគ្គទី២។

បន្ទាប់ពីដណ្ដើមបានជ័យជម្នះទាំង ២ជើង ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវឡើងទៅបង្គ្រប់កៅអីពូល G ជាមួយក្លឹប Ceres Negros របស់ហ្វីលីពីន, ក្លឹប Than Quang Ninh របស់វៀតណាម និងក្លឹប Bali United មកពីឥណ្ឌូនេស៊ី។ ការប្រកួតវគ្គចែកពូល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈខាងមុខ គ្រាដែលប្រកួតបើកឆាកព្រះខ័នរាជស្វាយរៀង ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Ceres Negros៕

You might also like More from author