លោក​បណ្ឌិត ថោង ខុន៖ ស្ដេច​ម៉ូណាកូ គ្រោង​យាង​ចូលរួម​ព្រឹត្តិការណ៍ Angkor Ultra Trial 2021

(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ Albert II ស្ដេចប្រទេសម៉ូណាកូបានផ្ដល់ដំណឹងដល់គណៈកម្មការរៀបចំទិវារត់ចម្ងាយឆ្ងាយតំបន់អង្គរ (Angkor Ultra Trial) ថា នៅឆ្នាំ២០២១ ខាងមុខ ទ្រង់នឹងយាងចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ នៅខេត្តសៀមរាប។ នេះបើតាមការបង្ហើបរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC។

បន្ទាប់ពីបញ្ចប់ការរៀបចំព្រឹត្តិការណ៍ Angkor Ultra Trial 2020 ដោយជោគជ័យ កាលពីថ្មីៗ លោករដ្ឋមន្ដ្រី ថោង ខុន បានមានប្រសាន៍ថា ស្ដេចម៉ូណាកូខាងលើ បានសព្វព្រះរាជហឬទ័យ ចំពោះការរៀបចំព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយនេះ ពិសេសការរៀបចំនៅតំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា គឺតំបន់អង្គរ ខេត្តសៀមរាប ហេតុនេះឆ្នាំក្រោយ ព្រះអង្គរនឹងយាងមកចូលរួមដែរ។

លោករដ្ឋមន្ដ្រីបញ្ជាក់ថា «ក្រោយរត់ចប់ឆ្នាំនេះ យើងបានកំណត់កាលបរិច្ឆេទសម្រាប់រៀបចំឆ្នាំបន្ទាប់ហើយ គឺយើងនឹងរៀបចំនៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២១។ យើងកំណត់កាលបរិច្ឆេទមុននេះ ព្រោះយើងចង់ផ្ដល់ភាពងាយស្រួលដល់ភ្ញៀវបរទេសចុះឈ្មោះចូលរួម ហើយតាមការបញ្ជាក់របស់គណៈកម្មការរៀបចំ ឆ្នាំក្រោយនេះ ក៏គ្រោងនឹងមានការចូលរួមពីព្រះអង្គម្ចាស់ Albert II ស្ដេចប្រទេសម៉ូណាកូដែរ»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trial 2021 លើកទី៦ គ្រោងបង្កើនវិញ្ញាសាថ្មីមួយទៀត បន្ទាប់ពីមានសំណើរពីជនជាតិខ្មែរ និងបរទេស ដែលចង់ចូលរួមរត់ចម្ងាយមធ្យម គឺវិញ្ញាសារត់ចម្ងាយ ៨គីឡូម៉ែត្រ លើវិញ្ញាសាចាស់ ៥ ទៀត រួមមានរត់ចម្ងាយ ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ដែលត្រូវរត់កាត់ព្រៃប្រឹក្សា ប្រាង្គបាសាទ និងភូមិ-ឃុំអ្នកស្រុក ជុំវិញតំបន់អង្គរ នាខេត្តសៀមរាប៕

You might also like More from author