Chelsea កំពុង​ជួប​ពិភាក្សា​លើ​ការ​នាំយក Ziyech ក្នុង​តម្លៃ ៣៨​លាន​ផោន​ពី​ក្លិប Ajax

(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់តោខៀវ Chelsea ដែលមានលោក Frank Lampard ជាអ្នកចាត់ការទូទៅលេងនៅលីគកំពូលអង់គ្លេស Premier League បានកំពុងតែជួបពិភាក្សាជាមួយក្រុមការងារនៃក្លិប Ajax របស់ហូឡង់ ក្នុងការនាំយកកីឡាករខ្សែបម្រើប្រយុទ្ធ Hakim Ziyech ដែលស្ថិតក្នុងតម្លៃផ្ទេរប្រមាណ ៣៨លានផោន ស្មើនឹង ២៩លានដុល្លារ ហើយការសម្រេចនេះឲ្យដឹងនាប៉ុន្មានថ្ងៃខាងមុខនេះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា កីឡាករខ្សែបម្រើប្រយុទ្ធវ័យ ២៦ឆ្នាំ Ziyech ត្រូវបានលោក Frank Lampard ដាក់គោលដៅក្នុងការនាំយកក្នុងខែមករា នៃទីផ្សារដោះដូរកីឡការតែត្រូវបាន Ajax បដិសេធ ក៏ព្រោះតែពួកគេកំពុងប្រជែងពានរង្វាន់លីគកំពូល Eredevisie របស់ហូឡង់ក្នុងរដូវកាលនេះ។

សម្រាប់លោក Lampard បើការផ្ទេរនេះបានសម្រេចនោះ នឹងក្លាយជាលើកទីមួយរបស់លោក ក្នុងនាំយកកីឡាករអន្តរជាតិម៉ារ៉ុក Hakim Ziyech មកកាន់ក្លិបតោខៀវ Chelsea បន្ទាប់ពីរួចផុតបម្រាមទិញកីឡាករនាពេលកន្លងមកនេះ ខណៈកីឡាកររូបនេះបាននឹងកំពុងចំណាយពេល ៤រដូវកាលជាមួយ Ajax ក្នុងការបង្ហាញខ្លួនបាន ១០៧ប្រកួត និងរកបាន ៣៨គ្រាប់៕

You might also like More from author