PSG យក​ឈ្នះ Dijon ៦-១ ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន Coupe de France

(ប៉ារីស)៖ ក្រុមខ្លាំងរបស់បារាំង Paris Saint-Germain បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Coupe de France ក្រោយយកឈ្នះក្រុម Dijon ក្នុងលទ្ធផល ៦-១ នៃវគ្គ ៨ក្រុម រក្សាប្រវត្តិលេងមិនចាញ់ក្នុងចំណោម ២២ប្រកួតចុងក្រោយគ្រប់កម្មវិធី។

ក្នុងចំណោម ៦គ្រាប់ឈ្នះនោះដែរ គឺមាន ២គ្រាប់ដែលគូប្រជែង Dijon ដែលជាម្ចាស់ផ្ទះ បានធ្វេសប្រហែសចូលខ្លួនឯងនៃការប្រកួតនារាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងចំណោមគ្រាប់បាល់ ៦គ្រាប់របស់ PSG គឺមាន ២គ្រាប់បានកើតចេញពីធ្វើចូលទីខ្លួនឯងក្នុងនោះគ្រាប់ទី ១កើតឡើងចេញពីខ្សែការពាររបស់ក្រុម Dijon កីឡាករ Lautoa ដោយចាប់ផ្តើមលេងបានតែ ៤៧វិនាទីក្នុងតង់ទី១ និងគ្រាប់ទី២ នៅនាទី៨៦ ក៏ជាការធ្វេសប្រហេសរបស់ខ្សែការពារ Coulibaly ហើយគ្រាប់ស៊ុតបានសម្រេចរបស់ក្រុម PSG រកបានដោយកីឡាករ ៣រូបមានខ្សែប្រយុទ្ធ Mbappe នៅនាទី៤៤ ហើយខ្សែបម្រើ Sarabia រកបាន ២គ្រាប់នៅនាទី ៥៥និងនាទី ៩០ចុងម៉ោង ក្រោយពេលខ្សែការពារ Thiago Silva រកបាននៅនាទី៥០ តែ Dijon ក៏តាមបាន ១គ្រាប់វិញផងដែរនៅនាទី១៣។

លទ្ធផលនេះបានធ្វើឲ្យក្រុមលោក Thomas Tuchel បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coupe de France របស់បារាំង ជាមួយក្រុម ២ផ្សេងទៀតរួមមាន Rennes និង Lyon ខណៈក្រុម Epinal ត្រូវប្រជែងគ្នាជាមួយ Saint-Etienne នាថ្ងៃទី១៤ ស្អែកនេះ ដើម្បីរកក្រុមឡើងទៅវគ្គ ៤ក្រុមចុងក្រោយ។ ពាន Coupe de France នេះ PSG ធ្លាប់ឈ្នះបាន ១២លើកមកហើយ៕

You might also like More from author