មិនធម្មតា! U15 វិសាខា យក​ឈ្នះ U18 ព្រះខ័នរាជ​ស្វាយរៀង ២-១ ក្នុង​ជំនួប​បើក​ឆាក​ពាន KMH Cup

(ភ្នំពេញ)៖ ក្រុមក្មេងខ្ចី U15 វិសាខា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានយកឈ្នះក្រុមរាមច្បង U18 ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាកពូល A នៃពានរង្វាន់ KMH Cup U18 ឆ្នាំ២០២០ នៅទីលាន KMH កាលពីយប់មិញ។

ជំនួបដ៏ជក់ចិត្តមិនចាញ់ក្រុមធំនេះ វគ្គទី១ ក្រុមដឹកនាំដោយលោក ឡុង រិទ្ធា បានបើកការនាំមុខក្រុមយុវជន U18 ព្រះខ័នរាជស្វាយរៀង ២គ្រាប់មុន ដែលធ្វើបានសម្រេចដោយកីឡាករ ឡូ រ៉ាស៊ី និងកីឡាករ ឡេង ណូរ៉ា។ លុះចូលវគ្គទី២ ក្រុមលោក សំ វ៉ាន់ដេត បានព្យាយាមវាយបកយ៉ាងខ្លាំង ពិសេសនៅចុងម៉ោង តែធ្វើបានសម្រេចបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដែលនាំឲ្យ U15 វិសាខា ទទួលបានជ័យជម្នះ ២-១។

ជ័យជម្នះនេះដែរបានធ្វើឲ្យក្រុម U15 វិសាខា ទទួលបាន ៣ពិន្ទុពេញ ដើម្បីឈរកំពូលតារាងពូល A បណ្ដោះអាសន្ន មុនបន្ដការប្រកួតប្រជែងជាមួយគូប្រជែង ២ក្រុមទៀត ដែលស្ថិតក្នុងពូលជាមួយគ្នា គឺក្រុម U17 ភ្នំពេញក្រោន និងក្រុម U18 បឹងកេត។

គួរដឹងថា កាលពីឆ្នាំមុន វិសាខាក៏បានបញ្ជូនក្រុមយុវជន មកចូលរួមប្រកួតពានប្រជុំដោយក្រុមយុវជនក្លឹបអាជីពនេះដែរ ព្រមទាំងទទួលបានជើងឯកទៀតផង តែជាក្រុមអាយុក្រោម ១៧ឆ្នាំ។ ប៉ុន្ដែឆ្នាំនេះ ពួកគេបែរជាបញ្ជូនក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ មកចូលរួមប្រកួតវិញម្ដង ផ្ទុយពីក្រុមផ្សេងៗដែលរក្សាការបញ្ជូនក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ និង ១៨ឆ្នាំមកចូលរួមដដែ៕

You might also like More from author