គ្រូបង្គោល មាស ចាន់ណា ថា គួច សុកុម្ភៈ និង ឃឹម បូរី នៅ​តែ​ជា​កីឡាករ​ល្អ​ក្នុង​ក្រុម

(ភ្នំពេញ)៖ គ្រូបង្វឹកកាន់សញ្ជាបត្រ A-License ជឿជាក់ថា កីឡាករជើងចាស់ទាំងពីររួមមាន គួច សុកុម្ភៈ និង ឃឹម បូរី នឹងនៅតែធ្វើបានល្អក្នុងក្លឹបណាហ្គាវើល នៃការប្រកួតនានានៅរដូវកាលថ្មីឆ្នាំ២០២០ ព្រោះដឹងពីរបៀបរក្សាខ្លួនយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយលក្ខណៈអាជីព។

លោក ចាន់ណា បានរៀបរាប់ថា «ខ្ញុំគិតថា ការលេងរបស់គាត់ឆ្នាំនេះនៅតែល្អ ដោយសារពួកគាត់នៅតែមានការប្រឹងប្រែង ជាពិសេសអ្វីដែលសំខាន់ពួកគាត់ប្រតិបត្តិខ្លួនគាត់ជាកីឡាករអាជីព គាត់ដឹងថា ត្រូវថែខ្លួនយ៉ាងម៉េច។ អ៊ីចឹងខ្ញុំគិតថា ពួកគេនៅតែអាចបង្ហាញខ្លួនល្អសម្រាប់ក្រុម និងជាកីឡាករសំខាន់ក្នុងក្រុមទាំងពីរគាត់ហ្នឹង»

អ្វីដែលសំខាន់ផងនោះ ទោះវ័យម្នាក់ៗកាន់តែកើនទៅមុខពី១ឆ្នាំទៅ១ឆ្នាំក្តី ក៏លោកនៅតែអះអាងថា ខ្សែបម្រើ បូរី និង សុកុម្ភៈ នៅតែជាសមាជិកសំខាន់ក្នុងក្រុម ព្រោះពួកគេចេះរក្សាខ្លួន និងប្រឹងប្រែហ្វឹកហាត់ មិនបណ្ដោយខ្លួនឲ្យធ្លាក់ចុះតាមពេលវេលានោះឡើយ។

សម្រាប់ឆ្នាំ២០២០ នេះនឹងក្លាយជារដូវកាលទី៦ របស់ បូរី និង សុកុម្ភៈ នៅណាហ្គាវើល។ ក្រៅពីលេងខ្លួនឯង កីឡាករទាំងពីរក៏រួមចំណែកជួយបង្ហាត់ និងចែករំលែកបទពិសោធន៍ដល់មិត្តរួមក្រុមផ្សេងៗផងដែរ។

មិនតែប៉ុណ្ណោះ គួច សុកុម្ភៈ ក៏ត្រូវបានជ្រើសរើសចូលក្រុមការងារបង្វឹករបស់លោក Keisuke Honda នៅ SEA Games 2019 កន្លងទៅទៀតផង៕

You might also like More from author