ក្រុម​បាល់ទាត់​ស្រ្តី​កូរ៉េ អូស្រា្តលី ចិន និង​វៀតណាម ឡើង​វគ្គ​ជម្រុះ​យក​កៅអី​លេង​នៅ Olympic 2020

(មែលប៊ិន)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីកូរ៉េខាងត្បូង អូស្រ្តាលី ចិន និងវៀតណាម បានឡើងទៅវគ្គជម្រុះ (play-off) ជុំចុងក្រោយ ដើម្បីប្រជែងកៅអីឡើងទៅលេងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាឆ្នាំ២០២០ ខាងមុខនេះ។

ក្រុមខ្លាំងទាំង ៤ក្រុមប្រចាំទ្វីបអាស៊ីខាងលើនេះ បានឆ្លងផុតវគ្គសន្សំពិន្ទុប្រកួតក្នុងជុំទី៣ ប្រចាំតំបន់ដោយជោគ ក្នុងប្រកួតបិទបញ្ចប់នាម្សិលមិញនេះ នៅពេលដែលម្ចាស់ផ្ទះអូស្រ្តាលី លេងស្មើ ១-១ ទល់នឹងស្រ្តីចិន ដែលឈរនៅកំពូលតារាងមាន ៧ពិន្ទុដូចគ្នាចេញពីពូល B គ្រាដែលស្រ្តីកូរ៉េខាងត្បូង និងវៀតណាម ជាក្រុមចេញពីពូល A ក្នុងតំណែងកំពូលតារាងដូចគ្នា។

ក្នុងការប្រកួតពូលក្នុងជុំចុងក្រោយ គឺស្រ្តីកូរ៉េខាងត្បូង លេខ១ពូល A ត្រូវប៉ះក្រុមលេខ២ ពូល B ស្រ្តីចិន ជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែមីនា មុនជើងទី២ ធ្វើនៅទឹកដីចិនវិញម្តងនាថ្ងៃទី១១ ខែមីនា ដូចគ្នានឹងស្រ្តីអូស្រ្តាលី លេខ១ ពូល B ប៉ះស្រ្តីវៀតណាម ដែលបញ្ចប់ដោយចំណាត់ថ្នាក់លេខ២ នៃពូល A ដូចគ្នាក្នុងជើងទី១ និងទី២ រវាងកូរ៉េ និងចិនផងដែរ។

គួរបញ្ជាក់ផងថា សម្រាប់ទ្វីបអាស៊ី (AFC) ទទួលបាន ២កៅអីសម្រាប់លេងនៅ Olympic Games ក្នុងវគ្គចែកពូល ១២ក្រុម គ្រាដែលផ្នែកបុរស U23 គណៈកម្មាធិការធិការអន្តរជាតិ IOC ផ្តល់ឲ្យ ៣កៅអីដោយមានរកឃើញ រួមមានក្រុមកូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត និងអូស្រ្តាលី៕

You might also like More from author