លោក Conor ថា លេង​ពាន AFC Cup និង​លីគ មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ

(ភ្នំពេញ)៖ លោក Conor Nestor អ្នកចាត់ការទូទៅក្រុមព្រះខ័នរាជស្វាយរៀងបានអះអាងថា កម្មវិធីប្រកួតដ៏មមាញឹក ក្នុងការលេងពាន AFC Cup 2020 និងលីគកំពូលកម្ពុជា គឺមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ដ្បិតកូនក្រុមមិនសូវមានពេលសម្រាកគ្រប់គ្រាន់ ដើម្បីប្រមូលកម្លាំងឡើយ។

ការលើកឡើងនេះ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារផ្ទះទទួលក្រុមសូលទីឡូអង្គរ ក្នុងជំនួបបើកឆាកលីគកំពូលកម្ពុជា រដូវកាលថ្មីនាថ្ងៃអាទិត្យនេះ បន្ទាប់ពីពួកគេត្រឡប់ពីប្រកួតវគ្គចែកពូលពាន AFC Cup 2020 ពូល G ជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន Ceres Negros កាលពីដើមសប្ដាហ៍កន្លងទៅ។

លោកថា «ការលេង AFC Cup មានទាំងគុណវិបត្តិ និងគុណសម្បត្តិ ព្រោះប្រកួតនីមួយៗប្រៀបដូចការប្រឡងអញ្ចឹង បើយើងចាញ់មានន័យថា យើងប្រឡងធ្លាក់ បើយើងឈ្នះ មានន័យថា យើងប្រឡងជាប់។ តែក្នុងលីគរបស់យើង គេមានពេលច្រើន សម្រាប់រៀបចំក្រុម ផ្ទុយពីយើង ក្រោយពាននេះ យើងមានពេល ២ ទៅ ៣ថ្ងៃ ដើម្បីសម្រាក និងប្រមូលផ្ដុំកម្លាំងប៉ុណ្ណោះ»

ប៉ុន្ដែយ៉ាងណាលោក Conor នៅតែជឿជាក់លើកូនក្រុម សម្រាប់ការប្រកួតក្នុងលីគ ហើយលោកក៏គ្មានលេសដែរ គឺមានការរៀបចំក្រុមឲ្យបានល្អ ដើម្បីសម្រេចគោលដៅដណ្ដើមលទ្ធផលល្អឲ្យខានតែបានក្នុងរដូវកាលថ្មីនេះ ពិសេសគឺដើម្បីមានឱកាសលេងពាន AFC Cup នាឆ្នាំក្រោយទៀត។

គួរបញ្ជាក់ថា បន្ទាប់ពីជួបក្រុមសូលទីឡូអង្គរ បើកឆាកលីគនាថ្ងៃអាទិត្យ ក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុម Bali United របស់ឥណ្ឌូនេស៊ីនាថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ក្នុងប្រកួតទី២ នៃពាន AFC Cup 2020 ពោលគឺក្រោយ ៣ថ្ងៃ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង ប៉ះគិរីវង់ ក្នុងលីគសប្ដាហ៍ទី២៕

You might also like More from author