នគរបាលជាតិ រំពឹង​មិន​ធ្វើឲ្យ​អ្នក​គាំទ្រ​ខកចិត្ត​ខ្លាំង​ឡើយ ប៉ះវិសាខា​ល្ងាច​នេះ

(ភ្នំពេញ)៖ លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្លិបនគរបាលជាតិ បានលើកឡើងថា នឹងមិនធ្វើឲ្យអ្នកគាំទ្រខ្លួនខកចិត្តខ្លាំងពេកនោះទេ សម្រាប់ការប្រកួតបើកឆាករដូវកាលថ្មី ជាមួយក្រុមម្ចាស់ផ្ទះវិសាខា នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋានព្រីនស៍។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីល្ងាចមិញ ដ្បិតលោកបានទទួលស្គាល់វិសាខា គឺជាក្រុមខ្លាំង និងជាបេក្ខភាពប្រជែងជើងឯក ដែលមិនងាយស្រួលយកឈ្នះឡើយ។ លោកថា «ទាក់ទងនឹងការលេងជាមួយវិសាខា ធម្មតាទេ យើងប៉ះក្រុមខ្លាំង យើងត្រូវមានជាហេតុផលណាមួយ ដើម្បីលេងជាមួយគេ គ្រាន់តែសង្ឃឹមស្អែកនេះ (ល្ងាចនេះ) យើងមិនឲ្យទស្សនិកជន គាត់ខកចិត្តខ្លាំងនោះទេ»

ដោយឡែកជុំវិញការត្រៀមរបស់ក្លឹបនីមួយៗ ក្នុងលីគរដូវកាលថ្មីនេះ គ្រូបង្វឹកកម្រិត Pro-License ដដែល បានអះអាងថា លីគឆ្នាំនេះ មានការពុះកញ្ជ្រោលខ្លាំង ហើយក៏នឹងមានការប្រកួតប្រជែងខ្លាំងដែរ ដោយសារក្រុមនីមួយៗ សុទ្ធតែខ្លួនបានល្អ ក្នុងក្លឹបនគរបាលជាតិ ក៏បានរៀបខំខ្លួនស្វិតស្វាញជាងមុនដែរ តែយ៉ាងណានគរបាលជាតិ មិនទាន់មានមហិច្ឆតាប្រជែងពាននោះទេ គ្រាន់តែរំពឹងនឹងធ្វើឲ្យបានល្អជាងឆ្នាំចាស់ប៉ុណ្ណោះ។

គួរដឹងថា សម្រាប់កម្មវិធីប្រកួតបើករដូវកាលថ្មីថ្ងៃនេះ គឺមាន ៣ប្រកួត ពោលគឺក្រៅពីវិសាខា ប៉ះនគរបាលជាតិ នៅមានក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ប៉ះក្រុមភ្ញៀវក្រសួងការពារជាតិ និងក្រុមភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន Smart RSN ទទួលក្រុមអគ្គិសនីកម្ពុជា ។ ចំណែកថ្ងៃស្អែក ក៏មាន ៣ប្រកួតដែរ ស្របពេលលីគកំពូលកម្ពុជា ឆ្នាំ២០២០ គឺមាន ១៣ក្លឹបចូលរួមប៉ុណ្ណោះ៕

You might also like More from author