កីឡាជន​បញ្ញា​ខ្សោយ​កម្ពុជា ទទួលបាន​ប្រាក់​រង្វាន់ ៣៣៤​លានរៀល​ពី​រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ក្រុមកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា (កីឡាជនបញ្ញាខ្សោយ) ទទួលបានរង្វាន់លើកទឹកចិត្តចំនួន ៣៣៤លានរៀលពីរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីពួកគេដណ្ដើមបានមេដាយ ១០គ្រឿងពីព្រឹត្តិការណ៍កីឡាស្ប៉េស្យាល់អូឡាំពិករដូវក្ដៅពិភពលោក ឆ្នាំ២០១៩ (Special Olympics World Games ABU DHABI) នៅទីក្រុង ABU DHABI ប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០១៩។

ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ បានធ្វើឡើងក្រោមវត្តមានលោក សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ ស្របពេលមេដាយដែលក្រុមកីឡាជនបញ្ញាខ្សោយកម្ពុជាដណ្ដើមបាន រួមមានមេដាយមាស៣, មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ៤ សរុប ១០គ្រឿង។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបញ្ជាក់ថា អត្តពលិកដណ្ដើមបានមេដាយនេះ គឺកីឡាករ-កីឡាការិនី ៧រូប ហើយមេដាយមាស ៣គ្រឿង ទទួលបាន ៩០លានរៀល, មេដាយប្រាក់៣ ទទួលបាន ៦០លានរៀល និងមេដាយសំរឹទ្ធ៤ ទទួលបាន ៦៤លានរៀល។ រីឯគ្រូបង្វឹក ២រូប ម្នាក់ៗទទួលបាន ៣០លានរៀល និងគ្រូជំនួយ ២រូប ម្នាក់ៗទទួលបាន ២១លានរៀល។

ឆ្លៀតក្នុងឱកាសនោះ លោក សែម សុខា បានថ្លែងអបអរ ចំពោះការខិតខំប្រឹងរបស់កីឡាករ-កីឡាការិនីកម្ពុជា ដែលធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្ដងខាងលើ ហើយលោកបានលើកទឹកចិត្តដល់កីឡាជនបញ្ញាខ្សោយកម្ពុជាទាំងអស់ ត្រូវបន្ដការខិតខំប្រឹង ដើម្បីប្រកួតប្រជែងដោយស្មើមុខស្មើមាត់លើឆាកអន្ដរជាតិ ក្នុងការដណ្ដើមមេដាយជូនជាតិ។ ចំណែកថ្នាក់ដឹកនាំនៅតែបន្ដគាំទ្រ និងលើកទឹកចិត្ត ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ភាពកក់ក្ដៅដល់ពួកគេគ្រប់ៗគ្នា។

លើសពីនេះ អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាដដែល ក៏បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ រួមគ្នាយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឲ្យអត្តពលិកខ្សោយសតិបញ្ញា បានហ្វឹកហាត់ ត្រួតពិនិត្យសុខភាព និងចូលរួមការប្រកួតនានា ពិសេសក្រុមគ្រួសារ ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកនៅជិតបំផុតរបស់កីឡាករកីឡាការិនីយសតិខ្សោបញ្ញា ដែលជាកត្តាសំខាន់ ក្នុងការបំផុសជម្រុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា៕

You might also like More from author