FFC និង CNCC សម្រេច​ដំឡើង​ប្រាក់រង្វាន់​ក្រុមជើងឯក​លីគកំពូល​កម្ពុជា​ ជិត៤ម៉ឺនដុល្លារ

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានប្រកាសដំឡើងប្រាក់រង្វាន់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាផ្លូវការហើយ ដោយក្រុមជើងឯក នឹងទទួលបានចំនួន ១៥០លានរៀល ឬប្រមាណ ៣៧,៥០០ដុល្លារ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ CNCC នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈបានបញ្ជាក់ថា ជលាភីគ្រប់ផ្នែកនៃលីគកំពូលកម្ពុជា ចាប់ពីឆ្នាំ២០២០ នេះតទៅ នឹងត្រូវដំឡើងទាំងអស់ រួមមាន៖ ក្រុមជើងឯក ទទួលបាន ១៥០លានរៀល, លេខ២ ទទួលបាន ៦០លានរៀល, លេខ៣ ទទួលបាន ៥០លានរៀល និងលេខ៤ ទទួលបាន ៤០លានរៀល ។ រីឯក្រុម Fair-Play នឹងទទួលបាន ៨លានរៀល ស្របពេលកីឡាករល្អ កីឡាករទាត់ចូលទីច្រើនជាងគេ អ្នកចាំទីល្អ និងគ្រូបង្វឹកល្អ នឹងទទួលបាន ៣លានរៀលស្មើៗគ្នា ។

ទន្ទឹមជាមួយគ្នា ក្រៅពីដំឡើងប្រាក់រង្វាន់ សម្រាប់ក្រុមជ័យលាភីក្នុងលីគកំពូលកម្ពុជា FFC និង CNCC ក៏បានសម្រេចដំឡើងប្រាក់រង្វាន់ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) ផងដែរ រួមមាន៖

– ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត៖ ក្រុមជើងឯក ទទួលបាន ១៥លានរៀល, លេខ២ ទទួលបាន ៧លាន និង ៥សែនរៀល និងលេខ៣ ទទួលបាន ៥លានរៀល ។ ចំណែកកីឡាករទាត់ចូលទីច្រើនជាងគេ អ្នកចាំទីល្អ និងគ្រូបង្វឹកល្អ នឹងទទួលបាន ១លាន និង ៥សែនរៀលស្មើៗគ្នា ។

– ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ៖ ក្រុមជើងឯក ទទួលបាន ១០០លានរៀល, លេខ២ ទទួលបាន ៦០លានរៀល, លេខ៣ ទទួលបាន ៣០លានរៀល និងក្រុមលេងល្អ(Fair-Play) ទទួលបាន ៨លានរៀល ។ រីឯកីឡាករល្អ កីឡាករទាត់ចូលទីច្រើនជាងគេ អ្នកចាទីល្អ និងគ្រូបង្វឹកល្អ នឹងទទួលបាន ៣លានរៀលស្មើៗគ្នា ។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជា ឆ្នាំ២០២០ គឺមាន ១៣ក្លឹបចូលរួម ដោយប្រើរូបមន្ដប្រកួតវិលជុំ ២ជើង ដើម្បីសម្រេចលទ្ធផលក្រុមជ័យាលភី ខណៈបច្ចុប្បន្នទើបដំណើរការប្រកួតបាន ២សប្ដាហ៍ប៉ុណ្ណោះ ។ ឯពានសម្ដេចតេជោ ហ៊ុន សែន គឺបែងចែកការប្រកួតជាពីរ គឺពានថ្នាក់ខេត្ត និងពានថ្នាក់ជាតិ ។ បច្ចុប្បន្នពានប្រើប្រាស់កីឡាករក្នុងស្រុកនេះ កំពុងដំណើរការប្រកួតពានរង្វាន់ថ្នាក់ខេត្ត វគ្គជម្រុះបឋមនៅឡើយ៕

You might also like More from author