កីឡាករ ហូយ ផល្លីន ប្រាប់ថា មានកីឡាករ ៣រូប​ដែល​យល់​ចិត្ត នៅ​តំបន់​ប្រយុទ្ធ​ជា​មួយ​គ្នា

(ភ្នំពេញ)៖ កីឡាករ ហូយ ផល្លីន បានបង្ហើបថា មានកីឡាករ ៣រូបរួមមាន ប្រាក់ មុន្នីឧត្តម, Privat Mbarga និង ណុប តុលា ជាដៃគូប្រយុទ្ធដ៏យល់ចិត្តបំផុតក្នុងក្លិបព្រះខ័នរាជស្វាយរៀង នាពេលបច្ចុប្បន្ន។

ខ្សែបម្រើប្រយុទ្ធរូបនេះបានថ្លែងថា «ប៉ុន្មានឆ្នាំចុងក្រោយដែលយើងធ្វើបានល្អហ្នឹង និយាយពីមួយកំណាត់ខាងប្រយុទ្ធ អ្នកដែលខ្ញុំលេងយល់ចិត្តជាងគេគឺ Privat បងឧត្តម និងតុលា។ បងឧត្តម និងតុលា និយាយទៅយើងនៅស្វាយរៀងយូរឆ្នាំមកហើយ។ ចំណែក Privat វិញ ទោះយើងទើបលេងជាមួយគ្នាជាង ១ឆ្នាំមែន ប៉ុន្តែយើងបានព្យាយាមយល់ចិត្តគ្នាទៅវិញទៅមក ហើយការហ្វឹកហាត់ និងការលេងរ៉ូលខាងលើជាមួយគ្នាក៏ច្រើនដែរ»។

ទោះមិនទាន់រកគ្រាប់បាល់បានក្នុងចំណោម ៥សប្ដាហ៍កន្លងទៅនៅក្របខណ្ឌលីគកំពូលរដូវកាលនេះក្តី ក៏ ផល្លីន បានរួមចំណែកជួយក្រុមការពារតំណែងជើងឯកខាងលើនេះ រក្សាលទ្ធផលមិនទាន់ចាញ់ផងដែរ។ ជាក់ស្ដែង ក្រុមលោក Conor Nestor ឈ្នះ៤ដង និងស្មើ១ដង មាន១៣ពិន្ទុឈរនៅលេខ២ ស្មើពិន្ទុជាមួយក្រុមលេខ១ ភ្នំពេញក្រោន។

សូមបញ្ជាក់ថា នៅរដូវកាលឆ្នាំ២០១៩ ក្រៅពីបានមេដាយប្រាក់ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ផល្លីន ក៏ជាប់ជាកីឡាករល្អប្រចាំឆ្នាំទៀតផង៕

You might also like More from author