វិសាខា ឧបត្ថម្ភថវិកា ៤,៥០០ដុល្លារ ដល់​ខេត្តពីរ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត Covid-19

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្លិបបាល់ទាត់វិសាខា នៅថ្ងៃទី២៥ ខែមីនាបានធ្វើការឧបត្ថម្ភថវិកាចំនួន ៤,៥០០ដុល្លារដល់រដ្ឋបាលខេត្តចំនួនពីរ រួមមានខេត្តព្រៃវែង ២,៥០០ដុល្លារ និងខេត្តបាត់ដំបងចំនួន ២,០០០ដុល្លារ ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លង Covid-19។

លោក ស សុខា ស្ថាបនិកក្លិបបានបញ្ជាក់ថា ទោះបីថវិកាខាងលើ មិនច្រើនក្ដី ប៉ុន្ដែវាជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រៃវែង និងរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ ដែលកំពុងរាតត្បាតជាសកល និងបង្កក្ដីបារម្ភក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។

គួរបញ្ជាក់ថា បច្ចុប្បន្នលីគកំពូលកម្ពុជា ក៏បានផ្អាកការប្រកួតបណ្ដោះអាសន្ន ហើយក្លិបទាំងអស់ ក៏បានសម្រេចផ្អាកការហ្វឹកហាត់ដែរ។ ទន្ទឹមជាមួយគ្នា មានក្លិបមួយចំនួនបានឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាល និងខេត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ក្នុងនោះក្រៅពីក្លិបវិសាខា គឺមានក្លិបភ្នំពេញក្រោនជាដើម៕

You might also like More from author