លោក ថោង ខុន ជ្រើសតាំង​​ទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន ជាប្រធាន​​ខេមរៈសហព័ន្ធ​ការ៉ាតេដូ​​អាណត្តិទី៨​

- Advertisement -

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសជាផ្លូវការ ដោយជ្រើសតាំងលោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជាប្រធានខេមរៈសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា អាណត្តិទី៨ ឆ្នាំ២០១៧-២០២០ ដើម្បីដឹកនាំកីឡានេះឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត។

ការជ្រើសតាំងលោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន ធ្វើជាប្រធានសហព័ន្ធនេះ បានធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិ ក្នុងពិធីបង្ហាញបច្ចេកទេស និងប្រកួតមិត្តភាព កីឡាការ៉ាតេដូ សូតូកង់ ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោក ថោង ខុន ប្រធាន NOCC, លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីអប់រំ និងលោកបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា រួមទាំងវត្តមានកីឡាករ-កីឡាការិនីការ៉ាតេដូ ទូទាំងប្រទេសរាប់រយនាក់ផងដែរ។

ក្រោយឡើងជាប្រធានសហព័ន្ធ លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន បានប្ដេជ្ញាចិត្តថា នឹងខិតខំឆ្លៀតយកពេលវេលាដ៏មានតម្លៃមករុញច្រាន និងអភិវឌ្ឍន៍កីឡាការ៉ាតេដូ កម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងចូលរួមប្រកួតលើឆាកអន្ដរជាតិ ស្វែងរកមេដាយកិត្តិយសជូនប្រទេសជាតិកម្ពុជា ជាមួយនឹងផែនការយុទ្ធសាស្ដ្រ៤ចំណុច ដែលលោកបានត្រៀមជាសម្រេច ដើម្បីការអភិវឌ្ឍន៍។

លោកទេសរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា «ខ្ញុំសូមដាក់ចេញនូវចំនុចអាទិភាព៤ ចាប់ពីពេលនេះតទៅគឺ, ទី១៖ រៀបចំសមាសភាព គណៈកម្មាធិការប្រតិបត្តិឲ្យបានសមស្រប រឹងមាំ, ទី២៖ ការរៀបចំក្រុមកីឡាករជម្រើសជាតិមួយក្រុម សម្រាប់បណ្តុះបណ្តាល, ទី៣៖ កសាងមជ្ឈមណ្ឌលកីឡាការ៉ាតេដូមួយ ក្នុងពហុកីឡដ្ឋានជាតិ និងទី៤៖ ស្វែងរកជំនួយបច្ចេកទេស ពីសហព័ន្ធការ៉ាតេដូពិភពលោក ពិសេសពីជប៉ុន»

លើសពីនេះលោកក៏បានប្រកាសដាក់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់កីឡាការ៉ាតេដូផងដែរ៕

You might also like More from author