បឹងកេត ប្រកាសចែកផ្លូវជាមួយលោក ប្រាក់ សុវណ្ណារ៉ា ស្របពេលលោកកំពុងនៅជប៉ុន

- Advertisement -

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ក្លឹបបឹងកេតអង្គរ បានជូនដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ គឺការប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកកម្រិត Pro-License លោក ប្រាក់ សុវណ្ណារ៉ា ស្របពេលអតីតគ្រូបង្វឹកក្រុមជម្រើសជាតិរូបនេះ កំពុងស្ថិតនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទកំពូលសម្រាប់គ្រូបាល់ទាត់ប្រចាំទ្វីបរយៈពេល ៥ថ្ងៃនៅទីនោះ។

យោងតាមការជូនដំណឹងលើទំព័រ Facebook ផ្លូវការរបស់ក្លឹបបានបញ្ជាក់ថា «គ្រប់ៗគ្នានៅក្លឹបបឹងកេតអង្គរ សូមអរគុណដល់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យរបស់ក្លឹបអំឡុងពេល ២រដូវកាលចុងក្រោយ ដោយយើងបានឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៦ និងរងជើងឯកក្នុងពានរង្វាន់ Toyota Mekong Cup 2015 ដែលធ្វើឲ្យលោកគ្រូក្លាយជាគ្រូជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប»

ប៉ុន្តែក្លឹប និងលោកគ្រូទទួលស្គាល់នូវលទ្ធផលមិនសូវសមប្រកបក្នុងរយ:ពេលចុងក្រោយនេះ ហើយជឿជាក់ថា ការចែកផ្លូវគ្នានេះធ្វើឡើង ដើម្បីផលចំណេញជាអតិបរមាចំពោះភាគីទាំងសងខាង។ ទន្ទឹមនឹងនេះដែរ ក្លឹបសូមបញ្ជាក់ថា ការចាកចេញរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ពុំមានបញ្ហាល្អក់កករអ្វីឡើយ ហើយបឹងកេតអង្គរនៅតែមានការគោរព និងក្ដីស្រឡាញ់ចំពោះលោកគ្រូជានិច្ច។

នេះគឺជាដំណឹងគួរឲ្យសោកស្ដាយមួយ ខណៈលោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់ជួយបឹងកេតលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៦ និងឈ្នះជើងឯករងពាន TOYOTA Mekong Cup 2015។

លើសពីនេះក្លឹបក៏កំពុងត្រៀមខ្លួនប្រកួតពានលីគកំពូលកម្ពុជា រដូវកាលថ្មី និងត្រៀមចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Cup 2017 នាពេលឆាប់ៗខាងមុខផងដែរ។ ប៉ុន្ដែក្លឹបមិនទាន់បញ្ជាក់ពីសញ្ញាគ្រូបង្វឹកថ្មី ដើម្បីបន្ដដឹកនាំក្រុមមានប្រភពមកពីខេត្តកំពង់ចាមនេះនៅឡើយទេ៕

You might also like More from author